ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័រមួយគ្រឿងបានខ្ទាតបុករនាំងដែកបាំងប្រឡាយទឹកស្ទុយប៊ិះធ្លាក់ ខណៈត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបុកហេីយបើករត់បាត់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនមួយក្រុមមានគ្នា០៤នាក់ធ្វេីដំណេីរដោយរថយន្តម៉ាកតូយ៉ូតា ហាយឡេនឌ័រមួយគ្រឿង បេីកឆ្លងកាត់ផ្លូវបំបែកជាបួន ស្រាប់តែត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងទៀតបុកពីចំហៀងពេញទំហឹងធ្វេីឱ្យខ្ទាតរថយន្តទៅបុករនាំងដែកបាំងប្រឡាយទឹកស្អុយប៊ិះធ្លាក់ ឯរថយន្តបង្កបេីករត់បាត់ ។ 

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវលេខ១០៥ កែងផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា ដំបូងឡេីយគេឃេីញរថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AM-7378 ដែលបេីកបរដោយយុវជនម្នាក់ និងមានគ្នីគ្នា៣នាក់ជិះជាមួយ តាមបណ្ដោយផ្លូវលេខ១០៥ ក្នុងទិសដៅពីត្បូងទៅជេីងដោយល្បឿនលឿនល្មម រួចក៏ឆ្លងកាត់ផ្លូវលេខ៣៦០ ។ ភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក បានបើកតាមបណ្ដោយផ្លូវលេខ៣៦០ ក្នុងទិសដៅពីកេីតមកលិចដោយល្បឿនលឿន រួចក៏បុករថយន្តហាយឡេនឌ័រពីចំហៀងខាងស្ដាំពេញទំហឹង ធ្វេីឱ្យរថយន្តហាយឡេនឌ័រវិលទៅបុករបាំងដែកបាំងប្រឡាយលូទឹកស្អុយប៊ិះធ្លាក់ និងធ្វេីឱ្យអ្នកជិះក្នុងរថយន្តភ័យគ្រប់គ្នា តែមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ ។ 

ក្រោយកេីតហេតុភ្លាមៗ រថយន្តបង្កបានបន្តបេីកគេចបាត់ លុះមួយសន្ទុះក្រោយ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ធ្វេីការវាស់វែងយករថយន្តរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ននិងឱ្យម្ចាស់រថយន្តរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ ដេីម្បីជួយស្វែងរកអ្នកបើករថយន្តបង្កមកទទួលខុសត្រូវតាមច្បាប់៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖