ខេត្តស្វាយរៀង:លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក នារសៀលថ្ងៃទី២៣ខែសីហាឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងប្រជាការពារ ផ្សព្វផ្សាយស្ដីពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ព្រមទាំង ធ្វើពិធីបើកការដ្ឋានគម្រោងកែលម្អផ្លូវក្រាលបេតុងអាមេ ប្រវែង៤៣៣ម៉ែត្រ ទទឹងផ្លូវ៦ម កម្រាស់បេតុង០,១៥ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង ជាមួយក្រុមហ៊ុន សោភ័ណ ធានី ឆ្លងកាត់ភូមិវាល ឃុំម្រាម ស្រុករមាសហែក។
ពិធី ជួបសំណេះសំណាលនេះ ធ្វើឡើងនៅទីធ្លា ក្នុងវត្តពោធ៏ធំ ស្ថិតក្នុងភូមិវាល ឃុំម្រាម ស្រុករមាសហែក ដោយមានការចូលរួមពីសំណាក់ លោកអភិបាលរងស្រុក លោកអធិការរងស្រុក លោកមេឃុំ លោកមេប៉ុស្តិ៍ សមាជិកក្រុមប្រឹក្សាឃុំ បងប្អូនប្រជាពលរដ្ឋ និងប្រជាការពារភូមិ សរុបជិត៣០០នាក់។
លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ លោកសៅសុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ក៏ដូចជា លោកប៉េងពោធ៏សា អភិបាលខេត្តស្វាយរៀង ដល់បងប្អូនប្រជាពលរដ្ឋនិងប្រជាការពារដែលបានចូលរួមនាពេលនេះផងដែរ។
លោក បានគូសបញ្ជាក់ពីសារសំខាន់ និងផលប្រយោជន៍នៃ សមិទ្ធផលក្នុងភូមិវាលឃុំម្រាម ដោយ ផ្លូវក្រាលបេតុងមួយខ្សែនេះដែលមានប្រវែង ៤ ៣៣ ម៉ែត្រ ដែលអាចជួយសម្រួលដល់ការលំបាករបស់បងប្អូន ប្រជាពលរដ្ឋ ជាពិសេស សិស្សានុសិស្សអាច ធ្វើដំណើរទៅសាលារៀនបាន ងាយស្រួល និងអាចដឹកកសិផលទៅកាន់ទីផ្សារបានឆាប់រហ័សផងដែរ។
លោកក៏ បានប្តេជ្ញា បន្តបម្រើប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងទ្វេដង ក្នុងនាមជា មន្ត្រីបម្រើរាស្ត្រ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធាន ឧត្តម ក្រុមប្រឹក្សាព្រះមហាក្សត្រ បច្ចុប្បន្ន ដែលមានសម្ដេច មហា បវរធិបតី ហ៊ុនម៉ាណែត ជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកក៏ បានផ្តាំផ្ញើ ឱ្យប្រជាពលរដ្ឋយើង ផ្តល់ព័ត៌មាន មកក្រុមការងារ នៅមូលដ្ឋានក្នុងករណី ពួកគាត់ជួបប្រទះបញ្ហាការលំបាក ក្នុងការរស់នៅប្រចាំថ្ងៃរបស់ខ្លួន។
ក្នុងឪកាសនោះ លោក អភិបាលស្រុក ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនិងប្រជាការពារភូមិ ក៏បានប្រកាសគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈការសារសំឡេងពិសេស ពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រទាំងស្រុងចំពោះការបញ្ជាក់អំពីវិធានការម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជនទាំងឡាយណា ដែលចង់បង្កអសន្ដិសុខ បំផ្លាញសន្ដិភាព តាមរយៈការធ្វើកុបកម្មដោយខុសច្បាប់ ដើម្បីរក្សាឲ្យបាននូវសុខ សន្ដិភាព អាយុជីវិតរបស់ប្រជាជន។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រប់បណ្ដាប្រទេសនៅលើពិភពលោក គ្មានប្រទេសណាមួយដែលមិនចាត់វិធានការចំពោះក្រុម ដែលធ្វើកុបកម្ម ដោយខុសច្បាប់នោះឡើយ ពោលសូម្បីតែនៅប្រទេសអង់គ្លេស ក៏រដ្ឋាភិបាលប្រទេសនោះប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដូច្នេះកម្ពុជាក៏នឹងប្រើប្រាស់វិធានការច្បាប់ ដូចទៅនឹងបណ្ដាប្រទេសនានាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា «យើងហ៊ានលះបង់ទោះតម្លៃណាក៏ដោយ ដើម្បីធានាឱ្យប្រជាជនយើង រស់នៅក្នុងសន្តិភាព ស្ថិរភាពនយោបាយ ជាមួយនឹងការខិតខំកសាងសេដ្ឋកិច្ច»។
ក្រុមប្រឆាំងក្រៅច្បាប់ នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឱ្យមានបាតុកម្មប្រឆាំង នឹងគម្រោងអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅទាញស្ថានភាព ប្រទេសកម្ពុជា ឱ្យដូចទៅនឹងស្ថានភាពប្រទេសបង់ក្លាដេស។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនបានដាក់ដីទាំង៤ខេត្តរួមមាន ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី ទៅក្នុងការអភិវឌ្ឍរួមជាមួយវៀតណាម និងឡាវ នោះទេ គ្រាន់តែជាកម្រិតកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំង៣ មានជាមួយគ្នាប៉ុណ្ណោះ។
ទឹកដីរបស់កម្ពុជា គឺកម្ពុជាអភិវឌ្ឍដោយទឹកប្រាក់របស់ខ្លួន ចំណែកនៅដីវៀតណាម និងឡាវក៏ដូចគ្នា ពួកគេអភិវឌ្ឍន៍ដោយប្រាក់របស់ពួកគេ គឺគ្មានការចែកផលរួមនោះឡើយ។
ជាថ្មីម្តងទៀត យើងខ្ញុំសូមគាំទ្ររាល់វិធានការយ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល ឃាត់ខ្លួនពួកឧទ្ទាមក្រៅច្បាប់មួយចំនួន រួចបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់។