ខេត្តប៉ៃលិន៖ យោងតាមប្រភពពីកម្លាំងសមត្តកិច្ចជំនាញនៃអធិការដ្ឋានក្រុងប៉ៃលិនបានឱ្យដឹងថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១និង១៥នាទី មានប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានឱ្យកម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ ចុះបង្ក្រាបជាក់ស្តែងករណីហិង្សាធ្វេីឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី នៅចំណុចផ្ទះជនសង្ស័យឈ្មោះ ញឺម រិ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ករណីនេះជនសង្ស័យមានផ្ទុកសារធាតុញៀន(+)។
សមត្ថកិច្ចជំនាញបានបន្តថា ជនរងគ្រោះទី១-ឈ្មោះ ឌឿន តុលា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនរងគ្រោះទី២-ឈ្មោះ គុយ សុខម៉េង ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បើតាមតំណាងឱ្យជនរងគ្រោះ ឈ្មោះ មីន គឹមលី បានរៀបរាប់អំពីរឿងហេតុទី០១៖នៅថ្ងៃទី០១ខែ០៩ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៣និង៥០នាទីទៀបភ្លឺ ជនរងគ្រោះឈ្មោះ ឌឿន តុលា និងក្មួយៗបានជិះរថយន្តមកពីដើរលេងនៅព្រំ ពេលជិះមកដល់ចំណុចមុខផ្ទះរបស់ជនសង្ស័យឈ្មោះ ញឺម រិ ស្រាប់តែឮសំឡេងផូងៗ ត្រូវចំកញ្ចក់ទ្វារក្រោយខាងស្តាំរថយន្ត ពេលនោះក្មួយៗរបស់ជនរងគ្រោះបានប្រាប់ថាកុំឈប់ឡានអី។បន្តិចក្រោយមកក្មួយបានស្រែកប្រាប់ទៀតថា ពូប្រយត្ន័ឈ្មោះ រិ បាញ់ចម្ពាមមកទៀតហើយ ពេលនោះជនរងគ្រោះក៏បើកឡានទៅមុខទៀតរហូតដល់ផ្ទះ។ លុះ ដល់ម៉ោង១៣និង១០នាទីរសៀល ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិនឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។
បើតាមតំណាងរបស់ជនរងគ្រោះទី០២៖ថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១០និង៣០នាទីព្រឹក ប្រពន្ធរបស់ជនរងគ្រោះឈ្មោះ គុយ សុខម៉េង បានប្រើកូនស្រីឈ្មោះ មីន គឹមលី ឱ្យជិះម៉ូតូទៅទិញទឹកកកនៅផ្ទះលក់ចាប់ហួយមួយកន្លែងនៅជាប់ផ្លូវកៅស៊ូក្នុងភូមិក្រចាប់ ពេលជិះម៉ូតូត្រឡប់មកវិញ ដល់មុខផ្ទះរបស់ជនសង្ស័យ ស្រាប់តែឈ្មោះ ញឺម រិ បានបាញ់ចម្ពាមកៅស៊ូចំនួន០១គ្រាប់ សំដៅមកឈ្មោះ មីន គឹមលី ត្រូវចំកអាវខាងក្រោយ ដោយមានការភ័យខ្លាចជនរងគ្រោះបានជិះម៉ូតូសំដៅទៅផ្ទះយ៉ាងលឿន និងបានប្រាប់ឈ្មោះ គុយ សុខម៉េង ពីដំណើររឿងដែលឈ្មោះ ញឺម រិ បាញ់ចម្ពាមមកលើខ្លួន ពេលនោះឈ្មោះ គុយ សុខម៉េង បានទៅសួរនាំស្រាប់តែឈ្មោះ ញឺម រិ បានទាញកាំបិតផ្គាក់ដេញកាប់មកលើឈ្មោះ គុយ សុខម៉េង។ ឃើញដូចនោះឈ្មោះ គុយ សុខម៉េង បានរត់គេចត្រឡប់មកផ្ទះវិញ និងបានរាយកាណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍ និងបានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិនឱ្យចាត់ការតាមនីតិវិធីច្បាប់។
ក្រោយមកជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចជំនាញនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បីសាកសួរ។
ក្រោយពីការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានបាញ់ចម្ពាមកៅស៊ូត្រូវចំកញ្ចក់ទ្វារឡានខាងក្រោយរបស់ឈ្មោះ ឌឿន តុលា និងបាញ់ចម្ពាមកៅស៊ូទៅលើឈ្មោះ មីន គឹមលី ពិតប្រាកដមែន។
វត្ថុតាងដកហូតសរុបរួមមាន៖
១-កាំបិតផ្គាក់ ចំនួន០១ដើម។
២-ចម្ពាមកៅស៊ូ ចំនួន០១ដើម។
៣-សម្ភារៈសម្រាប់ជក់គ្រឿងញៀន មួយចំនួន។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះទាំង០២នាក់ខាងលើ សំណូមពរឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់។
ករណីខាងលើនេះ សូមគោរពស្នើសុំយោបល់លោកស្នងការ ឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បីអនុវត្តនីតិវិធី៕ដោយ៖ ស សារ៉េត