ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យគ្រឿងញៀន ២នាក់ ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី០១​ ខែកញ្ញា​​ ឆ្នាំ២០២៤ដើម្បីអនុវត្តតាមនីតិវិធី។

សមត្ថកិច្ចប្រាប់ថាៈនៅវេលាម៉ោង០៣និង៣០នាទីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ក្រោយពីបានទទួលព័ត៌មានពីសន្តិសុខថា មានករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន ស្ថិតនៅចំណុចមុខកាស៊ីណូអាត់ប៊ិច ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានធ្វើប្រតិបត្តិការចុះទៅដល់កន្លែងកេីតហេតុ​ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ពៅ អឿយ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ,​ ២-ឈ្មោះ ជឺម សារ៉េត ហៅ ពៅ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរមុខរបរ ជាងជួសជុលរថយន្ត។ ជនសង្ស័យទាំង២នាក់​ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំង​ចាប់យកវត្ថុតាងរួមមាន​៖ គ្រឿងញៀនប្រភេទម្សៅក្រាមសថ្លា (ម៉ាទឹកកក)ចំនួន ០៥ថង់កិប ទម្ងន់១,៥៤ក្រាម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។ 

លោកវរសេនីយ៍ត្រីនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានរក្សាទុក​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀនពិតប្រាកដមែន។ 

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ 

ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងដើម្បីអនុវត្តតាមនីតិវិធី៕ ដោយ៖ វណ្ណា


ចែករំលែក៖