ព័ត៌មានទាន់ហេតុការណ៍៖

Galatasaray កំពុងពិភាក្សានាំយកខ្សែប្រយុទ្ធ Osimhen ពី Napoli

ចែករំលែក៖

ក្លិបយក្សទួរគី Galatasaray បានបញ្ជាក់ថា ពួកគេកំពុងពិភាក្សាជាមួយក្លិបអុីតាលី Napoli ដើម្បីចុះហត្ថលេខាយកខ្សែប្រយុទ្ធនីហ្សេរីយ៉ា Victor Osimhen ក្នុងលក្ខខណ្ឌខ្ចីជើង។

កីឡាករវ័យ២៥ឆ្នាំរូបនេះបានក្លាយជាគោលដៅសម្រាប់ក្លិបនៅ Premier League គឺ Chelsea មុនពេលទីផ្សារដោះដូរកីឡាករអង់គ្លេសបានបិទកាលពីថ្ងៃសុក្រ ហើយក៏មានការចាប់អារម្មណ៍ពីក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ahli ផងដែរ ប៉ុន្តែគាត់ហាក់ដូចជាចង់ផ្លាស់ទៅទីក្រុង Istanbul ជំនួសវិញ។

Osimhen បានស៊ុតបញ្ចូលទីបាន៧៦គ្រាប់ក្នុង១៣៣ប្រកួតសម្រាប់ Napoli និងបានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះពានរង្វាន់ Serie A កាលពីរដូវកាលឆ្នាំ២០២២-២០២៣របស់ពួកគេជាមួយនឹងការរកបាន២៦គ្រាប់ក្នុងរដូវកាលនោះ។ ប៉ុន្តែគាត់បានបរាជ័យក្នុងការរក្សាទម្រង់លេងដែលធ្វើឱ្យគាត់ក្លាយជាខ្សែប្រយុទ្ធដែលចង់បានបំផុតនៅអឺរ៉ុប ដោយស៊ុតបញ្ចូលទីបាន១៥គ្រាប់នៅ Serie A កាលពីរដូវកាលមុន។

Napoli ក្រោមការដឹកនាំរបស់លោក Antonio Conte ក៏បានចុះហត្ថលេខាជាមួយ Chelsea និងខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku វ័យ៣១ឆ្នាំ ក្នុងតម្លៃ៣០លានផោនកាលពីសប្តាហ៍មុនផងដែរ។

សារពីក្លិប Galatasaray នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានឲ្យដឹងថា “ការចរចាជាផ្លូវការបានចាប់ផ្តើមជាមួយកីឡាករបាល់ទាត់ និងក្លិបរបស់គាត់ SSCN Napoli SPA ទាក់ទងនឹងការផ្ទេរកីឡាករបាល់ទាត់អាជីព Victor James Osimhen ជាបណ្តោះអាសន្ន” ៕

ដោយ៖ ភារៈ (រូបភាព ៖ Reuters/CNA)


ចែករំលែក៖