ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្រ្តាក់មួយប្រាវ បណ្តាល ឱ្យបាក់មែកឈើសង្កត់លើរថយន្ត៤គ្រឿង បង្កការភ្ញាក់ ផ្អើលតាមបណ្តោយផ្លូវ ២៥៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈព័ត៌មានបឋម បានឱ្យដឹងថា ៖ មានខ្យល់កន្រ្តាក់មួយប្រាវ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤បណ្តាល ឱ្យបាក់មែកឈើសង្កត់លើរថយន្ត៤គ្រឿង បង្កការភ្ញាក់ ផ្អើលតាមបណ្តោយផ្លូវ ២៥៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ចំពោះព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្ត ព្រោះខណៈនេះមិនទាន់ទទួលបានរបាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាននៅឡើយ។ 

សូមបញ្ជាក់ថា ៖ ចាប់ពីថ្ងៃទី៣ ខែកញ្ញា ដល់ថ្ងៃទី៥ ខែកញ្ញា តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៦០% ។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។

ព្យុះទី១១ឈ្មោះយ៉ាកជី (Yagi) មានឥទ្ធិពលលើខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេ មេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។

ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យមានល្បឿនមធ្យម ៣,២៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ៣.២៥ម៉ែត្រ/វិនាទី។ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤៥%។

ខ្យល់បក់ មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៦០%។ 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖