ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា ក្នុងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៦៦នាក់ ហើយធ្វើការអប់រំ និងដោះលែងវិញចំនួន ៥៧នាក់ ខណៈចំនួន ៩នាក់ទៀត ត្រូវបន្តនីតិវិធីបញ្ជូនទៅកាន់តុលាការ។
ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បានកំណត់យកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដោយចលនាប្រជាពលរដ្ឋនៅក្នុងស្រុកធ្វើបាតុកម្មទាមទារឱ្យរាជរដ្ឋាភិបាល ដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម(CLV-DTA)។ ប៉ុន្តែទីបំផុត ក៏បង្វែរឱ្យមានការប្រមូលផ្ដុំ ធ្វើកុបកម្មផ្ដួលរំលំរាជរដ្ឋាភិបាលស្រប់ច្បាប់ ដោយយកគម្រូតាមប្រទេសបង់ក្លាដេស។
នាឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវី នៃកម្ពុជា នៅព្រឹកថ្ងៃ៥ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអនុវត្តច្បាប់ គឺដើម្បីធានា នូវសិទ្ធិរបស់ប្រជាពលរដ្ឋ មួយចំនួនក្នុងការបញ្ចេញមតិ តែមិនឱ្យជ្រុលហួសទៅប៉ះពាល់ទៅដល់សិទ្ធសង្គម និងប្រជាពលរដ្ឋ។
សម្ដេចធិបតី ក៏បានចោទសួរថា នេះឬជាបាតុកម្មអហិង្សា ឬយ៉ាងម៉េច? ដោយសង្កេតឃើញថា ក្រុមជ្រុលនិយមបានប្រមូលគ្នាមកភ្នំពេញ ដោយមានភស្តុតាងច្បាស់លាស់ រួមមាន ដបសាំង ចំពាមកៅស៊ូគ្រាប់ដែក ប្រើប្រាស់ដ្រូន ដើម្បីប្រឆាំងនឹងអាជ្ញាធរ។ សម្ដេច បន្ដថា ការធ្វើបាតុកម្មអហិង្សា គឺគេប្រើក្រដាសសរសេរអក្ស ដើម្បីឱ្យរាជរដ្ឋាភិបាល ដោះស្រាយនូវរឿង បញ្ហាប្រឈមផ្សេងៗ។
សម្ដេចធិបតី មានប្រសាសន៍ថា «នៅថ្ងៃទី១៨ នេះ ចំនួនអ្នក ដែលឃាត់ខ្លួនមាន ៦៦នាក់ ហើយក្នុងនោះ សមត្ថកិច្ចធ្វើការ ណែនាំ ដោះលែងទៅវិញ ៥៧នាក់ រួចទៅហើយ ព្រោះអ្នកហ្នឹងមកតាមគេ តាមឯង ។ ឥឡូវនៅសល់ ៩នាក់ ដែលត្រូវកសាងនីតិវិធី ទៅតុលាការ ជាមេក្លោងបំផុសបំផុល» ។
សម្ដេច នាយករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា ពលរដ្ឋមួយចំនួន បានចូលរួមថ្ងៃទី១៨ សីហា តាមក្រុមជ្រុលនិយម នៅក្រៅប្រទេស ហើយក្រុមទាំងនោះ ក៏បានដោះដៃចេញ៕
ដោយ ៖ សិលា