ភ្នំពេញ ៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ នៅពេលរាជរដ្ឋាភិបាលអនុវត្តច្បាប់ ដើម្បីការពារសិទ្ធិសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋ ការពារសុខសន្តិភាពសុវត្ថិភាពជូនសង្គមជាតិ បែរជាអង្គការសិទ្ធិមនុស្សមួយចំនួនចោទថារដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សទៅវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យអង្គការសិទ្ធិមនុស្សពិនិត្យមើលឱ្យច្បាស់ពីអង្គហេតុអង្គច្បាប់ នៃព្រឹត្តិការណ៍ថ្ងៃ១៨សីហា ដែលក្រុមជ្រុលនិយមមកធ្វើបាតុកម្ម មានទាំងដបសាំង ចំពាមកៅស៊ូគ្រាប់ដែក និងមានជជែកគ្នាដោយប្រើប្រាស់ដ្រូន ដើម្បីប្រឆាំងនឹងអាជ្ញាធរទៀតផង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅប្រទេសអង់គ្លេស ក៏គេអនុវត្តច្បាប់ ចំពោះអ្នកធ្វើបាតុកម្មខុសច្បាប់នោះដែរ រហូតមកដល់ពេលនេះ មានការចាប់មនុស្សជាង១០០០ នាក់ ដែលធ្វើសកម្មភាពញុះញង់ផ្សេងៗ ខុសច្បាប់ នៅក្នុងប្រទេសរបស់គេ។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ឃើញអង្គការសិទ្ធិមនុស្សណាមួយ ចេញមកថ្កោលទោស ករណីឃាត់ខ្លួនក្រុមបង្កចលាចលសង្គម ថ្ងៃទី១៨ សីហា រដ្ឋាភិបាលចាប់។ ខ្ញុំថាណែ ! ឯកឧត្តម អស់លោកមើលអង្គហេតុឱ្យច្បាស់ ព្រោះមានភស្តុតាងដាក់បន្ទុកច្រើនណាស់ មុននឹងថ្ងៃទី១៨ សីហា ពួកគេប្រមូលគ្នា ទិញអាវុធ បញ្ជាដុតបំផ្លាញផ្ទះសំបែង បំណងផ្តួលរំលំរដ្ឋាភិបាល ដែលជាសកម្មភាពខុសច្បាប់ ហើយពេលនោះឯកឧត្តម មិនចេញមកប្រាប់ពួកគេ កុំឱ្យធ្វើបែបហ្នឹងខុសច្បាប់ នៅស្ងៀមឱបដៃ អ្នកខ្លះធ្វើអត់ដឹងទៀត តែដល់អនុវត្តន៍ច្បាប់ គេមកថាអនុវត្តន៍រំលោភសិទ្ធិមនុស្ស។ រឿងនេះនៅប្រទេសណាក៏គេអនុវត្តន៍ច្បាប់ដែរ ដើម្បីការពារសិទ្ធិរបស់ប្រជាពលរដ្ឋរបស់គេ នៅអង់គ្លេស មានការចាប់ខ្លួនជាង ១ពាន់នាក់ កាត់ទោស២០០នាក់ជាងហើយ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងផងដែរថា វិធានការទប់ស្កាត់ការបង្កអសន្តិសុខ ថ្ងៃទី១៨ ខែសីហា គឺជាកិច្ចការពារសិទ្ធិជូនពលរដ្ឋ ដែលត្រូវការស្ថេរភាពសង្គម ដើម្បីរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។ ក្នុងព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ៦៦នាក់ ក្នុងណែនាំ និងដោះលែងទៅវិញ ៥៧នាក់ ខណៈមេគំនិត ៩នាក់ ត្រូវបានកសាងសំណុំ រឿងបន្តនីតិវិធី ៕
ដោយ ៖ សិលា