ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​-ហ្វីលីពីន៖​ ពេញចិត្តកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ទាំងកម្រិតទ្វេភាគី និងថ្នាក់តំបន់

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ។ 

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានសម្ដែងការពេញចិត្តលើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ទាំងកម្រិតទ្វេភាគី និងថ្នាក់តំបន់ ហើយក្នុងនោះដែរ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈក្រសួងពាណិជ្ជកម្ម ដែលតែងតែខិតខំបង្កើតនូវបរិយាកាសអំណោយផលដល់សហគមន៍ធុរកិច្ចរបស់ហ្វីលីពីន ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។ 

នៅក្នុងឱកាសនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់សំដៅបង្កើនកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម ឱ្យរីកចម្រើនបន្ថែមទៀត ដោយធ្វើយ៉ាងណាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ទាំងពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវាកម្ម ដែលក្នុងនោះដែរ ភាគីហ្វីលីពីន បានសម្ដែងចំណាប់អារម្មណ៍ក្នុងការមកធ្វើធុរកិច្ចលើវិស័យ មួយចំនួន ដូចជា៖ សេវាអប់រំនិងបណ្ដុះបណ្ដាល សិទ្ធិអាជីវកម្ម សុខាភិបាលនិងថែទាំ សាងសង់ ការផលិតនិងលក់ដូរចំណីអាហារជាដើម៕

ដោយ​៖ តារា​


ចែករំលែក៖