ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់មួយបានកើតឡើងខណៈមានរថយន្តម៉ាក LEXUS LM.350 បានបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ទៅបុកជាមួយម៉ូតូម៉ាកGPX.RACING មួយគ្រឿងយ៉ាងពេញទំហឹង បណ្ដាលអោយស្លាប់ម្នាក់ទាំងកណ្ដាលយប់នៅក្រុងបាវិត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង០៤នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៦៦-១៦៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះ សុិន ចិត្ត្រា អាយុ៣៤ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងបើកម៉ូតូម៉ាកGPX.RACING ពាក់ស្លាកលេខ ភ្នំពេញ1I C.3504 ខូចខាតទាំងស្រុង។
ចំណែកអ្នកបើកបររថយន្តបង្កហេតុមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបន្សល់ទុករថយន្តមួយគ្រឿងម៉ាកLEXUS. LM.350 ពាក់ស្លាកលេខ ភ្នំពេញ2AM.1055 នៅនឹងកន្លែងកើតហេតុ។
តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកLEXUS. LM.350 ពាក់ស្លាកលេខ ភ្នំពេញ2AM.1055 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីកើតទៅលិចហើយបានបើកឆ្លងផ្លូវពីជើងទៅត្បូងខ្វះការប្រុងប្រយ័ត្ន ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកGPX.RACING ពាក់ស្លាកលេខ ភ្នំពេញ1IC.3504 ជាន់ហ្វ្រ័ងមិនទាន់ក៏បុកយ៉ាងពេញទំហឹង បណ្ដាលអោយអ្នកជិះម៉ូតូស្លាប់ បង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកអ្នកស្លាប់ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
រីឯមធ្យោបាយទាំង០២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការតាមច្បាប់ ខណ: បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកបើកបររថយន្តបន្តទៀត៕
ដោយ៖ សុថាន