ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ សំខាន់ៗចំនួន៩

ចែករំលែក៖

ភ្នំពេញ ៖ អនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ចំនួន ៩ សំខាន់ៗដូចខាងក្រោម ៖ 

ទី១.ជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់លើគុណភាព និងសេវាមេធាវី, គណៈមេធាវី ត្រូវបន្តយកចិត្តទុកដាក់លើការបន្តការបណ្តុះបណ្តាល និងការបង្កើនសមត្ថភាព មេធាវីទាំងជំនាញរឹង និងជំនាញទន់ជាប្រចាំ ដើម្បីពង្រឹងការគោរពច្បាប់ វិធាន វិជ្ជាជីវៈ និងក្រមសីលធម៌មេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

ទី២.មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ត្រូវបន្តជ្រើសរើសសម្រិតសម្រាំងគ្រូ បណ្តុះបណ្តាលប្រកបដោយសមត្ថភាពខ្ពស់ ទាំងជំនាញរឹង និងជំនាញទន់, បន្តធ្វើ បច្ចុប្បន្នភាពលើមុខវិជ្ជាដែលត្រូវបណ្តុះបណ្តាល និងវិធីសាស្ត្របង្រៀនឱ្យមានលក្ខណៈទំនើប ទាន់សម័យ និងស្របតាមការវិវត្តនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។

ទី៣.គណៈមេធាវី ត្រូវបន្តអនុវត្តគោលនយោបាយ និងបេសកកម្មរបស់ខ្លួន ដើម្បីចូល រួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារក្តី និងផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ ដល់ជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និងកុមារ និងពង្រីកសកម្មភាពផ្សព្វផ្សាយ ច្បាប់ដល់សាធារណជន, ព្រមទាំងចូលរួមលើកកម្ពស់គោលការណ៍នីតិរដ្ឋ ដើម្បី ចូលរួមលើកកម្ពស់យុត្តិធម៌សង្គម ប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុង សង្គម និង ពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌ ។

ទី៤.សម្តេចធិបតី លើកទឹកចិត្តឱ្យក្រសួងយុត្តិធម៌សហការជាមួយគណៈមេធាវី ដើម្បី

ពិនិត្យការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ពីព្រោះច្បាប់នេះបានអនុវត្ត អស់រយៈពេលជិត ៣០ ឆ្នាំហើយ គួរតែធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លើយតបទៅនឹង ការវិវត្តនៃសង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា និងឧត្តមានុវត្ត, ដូចជាការគ្រប់គ្រងការ ប្រកបវិជ្ជាជីវៈ ការផ្សព្វផ្សាយវិជ្ជាជីវៈ និងរបៀបនៃការបោះឆ្នោតជ្រើសរើស ប្រធាន និងក្រុមប្រឹក្សាគណៈមេធាវី ជាដើម។

ទី៥.សម្តេចធិបតី លើកទឹកចិត្តឱ្យមេធាវីគ្រប់រូបបន្តជួយការពារយុត្តិធម៌នៅក្នុងសង្គម ជាពិសេស បន្តជួយការពារក្តីដល់ជនក្រីក្រដោយមិនយកកម្រៃ និងដោយយកចិត្ត ទុកដាក់ ប្រកបដោយទឹកចិត្តអាណិតស្រឡាញ់ដូចសមាជិកគ្រួសាររបស់ខ្លួន។

ទី៦.ក្នុងនាមជាអ្នកច្បាប់រួមចំណែកដល់ការពង្រឹងនីតិរដ្ឋ និងការអនុវត្តច្បាប់, មេធាវី គ្រប់រូប ត្រូវគោរពច្បាប់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន, ព្រម- ទាំងត្រូវចៀសឱ្យខាងតែបាននូវអាកប្បកិរិយាក្រអឺតក្រអោង និងអំពើល្មើសច្បាប់ ណាមួយ។ ក្នុងន័យនេះ, ក្នុងករណីប្រព្រឹត្តសកម្មភាពល្មើសច្បាប់ និងអសីលធម៌ ណាមួយ, គណៈមេធាវីត្រូវមានវិធានការឱ្យតឹងរ៉ឹងបំផុតស្របតាមនីតិវិធីជាធរមាន។

ទី៧. សម្តេចធិបតី លើកទឹកចិត្តឱ្យមេធាវីនៃគណៈមេធាវីបន្តរួមចំណែកឱ្យបានកាន់តែ ច្រើនថែមទៀតជាមួយរាជរដ្ឋាភិបាល នៅក្នុងសកម្មភាពសង្គម និងការលើក ស្ទួយ និងពង្រឹងនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

ទី៨. លេខាធិការដ្ឋាននៃសាលាជម្រះក្តីនានា ក្រឡាបញ្ជី ព្រះរាជអាជ្ញា និងចៅក្រម សូមជួយសម្រួលដល់ការងាររបស់មេធាវី ដែលបានបំពេញវិជ្ជាជីវៈរបស់ខ្លួនត្រឹម ត្រូវយុត្តិធម៌តាមច្បាប់ ជាពិសេសក្នុងរឿងក្តីរបស់ជនក្រីក្រ។

ទី៩. សម្តេចធិបតី ណែនាំដល់អង្គភាពនគរបាលយុត្តិធម៌ទាំងអស់ សូមសហការជួយ សម្រួលដល់មេធាវី ដែលបានអនុវត្តវិជ្ជាជីវៈក្នុងការអមកូនក្តីនៅដំណាក់កាល ស៊ើបអង្កេតបឋមរបស់នគរបាលយុត្តិធម៌ ៕

ដោយ ៖ សិលា


ចែករំលែក៖