ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​ បើកចំហរ ស្វាគមន៍អ្នកវិនិយោគមកលើការកែច្នៃកសិផលរបស់កម្ពុជាដូចជា ស្រូវអង្ករ ស្វាយ ស្វាយចន្ទី សំបុកត្រចៀកកាំ ដែលមានគុណភាពល្អប្រណិត និងមានរសជាតិឆ្ងាញ់

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែង​ថា កម្ពុជាបើកចំហរ និងស្វាគមន៍អ្នកវិនិយោគមកលើការកែច្នៃកសិផលកម្ពុជាដូចជា ស្រូវអង្ករ ស្វាយ ស្វាយចន្ទី សំបុកត្រចៀកកាំ ដែលមានគុណភាពល្អប្រណិត មានរសជាតិឆ្ងាញ់ ដែលអ្នកវិនិយោគចិនអាចពិចារណាវិនិយោគនៅកម្ពុជា។ តាមរយៈការវិនិយោគនៅកម្ពុជាដោយផ្ទាល់ អ្នកវិនិយោគនឹងទទួលបានផលចំណេញទាំងនៅលើទីផ្សារចិននិងទីផ្សារអន្តរជាតិ​ និងអាចជួយលើកកម្ពស់ជីវភាពរបស់កសិករកម្ពុជាថែមទៀត។

ការថ្លែងបែបនេះ​របស់​លោករដ្ឋមន្ត្រី​ បានធ្វេីឡេីង​ក្នុងជំនួបលោករដ្ឋមន្ត្រី​ និងថ្នាក់ដឹកនាំ នាឱកាស​ទទួលជួបសម្តែងការគួរសមជាមួយ​ លោក វ៉ាង ​វិនប៊ិន ​(Wang Wenbin)​ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២៤ម្សិលមិញ​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងសេចក្តីសោមនស្សរីករាយចំពោះវត្តមានរបស់លោកឯកអគ្គរដ្ឋទូតក្នុងការមកបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដោយផ្តោតសំខាន់លើវិស័យចំនួន៦ ក្នុងនោះក៏មានវិស័យកសិកម្មតាមរយៈច្រកមច្ឆានិងអង្ករ (Rice and Fish Corridor) សម្រាប់ការអភិវឌ្ឍកសិកម្មរវាងប្រទេសទាំងពីរឱ្យទទួលបាននូវប្រសិទ្ធភាព និងមានលទ្ធផលផ្លែផ្កា។

តបតាមសំណើរបស់លោកឯកអគ្គរដ្ឋទូត លោករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះទស្សនកិច្ចរបស់អ្នកជំនាញកសិកម្មចិន មកកាន់កម្ពុជា ដើម្បីចែករំលែកបទពិសោធនិងផ្ទេរចំណេះដឹងថ្មីៗនៅក្នុងវិស័យកសិកម្ម មកដល់មន្ដ្រីជំនាញកម្ពុជា។ លោករដ្ឋមន្ដ្រីគូសបញ្ជាក់ថា ក្រសួងនឹងជួយគាំទ្រ ក៏ដូចជាសម្របសម្រួូលទាំងផ្លូវច្បាប់ និងបច្ចេកទេស ដើម្បីឱ្យការងារនេះ ដំណើរការទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។ 

ជាថ្មីម្តងទៀត លោករដ្ឋមន្ត្រី បានសម្ដែងសុទិដ្ឋិនិយមខ្ពស់ និងអរគុណចំពោះលោកឯកអគ្គរដ្ឋទូតចិន ដែលយកចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត និងជំរុញច្រកមច្ឆានិងអង្ករ (Rice and Fish Corridor) ឱ្យចេញជារូបរាងពិតប្រាកដ ឆាប់រហ័ស និងទទួលបាននូវសមិទ្ធផលជូនប្រជាជននិងប្រជាជាតិទាំងពីរ៕

ដោយ​៖ តារា​


ចែករំលែក៖