ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​កសិកម្ម​៖​ សែនក្រអូប០១ ពូជស្រូវកម្ពុជា ឆ្ពោះទៅកាន់ទីផ្សារពិភពលោក

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នៅរសៀលថ្ងៃទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ សែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធនិងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។ 

ប្រភពដដែលបន្តថា​ នៅចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាសពីប្រទេសចិន ដោយសារលក្ខណៈពិសេស​ ដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ។ 

ជាមួយគ្នានេះ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំ​ពូជស្រូវសែនក្រអូប០១ ដោយសារពូជនេះ ផ្ដល់ទិន្នផលខ្ពស់ និងជាពិសេស វាមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។

គួរជម្រាបថា​ ក្រសួង​កសិកម្ម​ បានឱ្យដឹងដែរថា​ មានក្រុមហ៊ុនធំៗចំនួន៣ ដែលជាក្រុមហ៊ុននាំចេញអង្ករសរីរាង្គ និងដំឡូងមីសរីរាង្គទៅទីផ្សារ អន្ដរជាតិឈានមុខគេនៅកម្ពុជា ចុះកិច្ចសន្យាប្រមូលទិញស្រូវសរីរាង្គ និងដំឡូងមីសរីរាង្គ លើបរិមាណ ជាង ៥០,០០០តោន ក្នុងឆ្នាំ២០២៤នេះ ពីសហគមន៍ចំនួន៣២ ក្នុងខេត្តព្រះវិហារផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖