ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូទៅបុកម៉ូតូសណ្តោងរុឺម៉កពីក្រោយដួលបោកក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កពីក្រោយពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។ 

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ០៧និង៥០នាទីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅត្រង់ចំណុចលើស្ពានព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះមានឈ្មោះ ឈាង អាយុ២៩ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតនៅឯស្រុករំដួល ខេត្តស្វាយរៀង ។

តាមប្រភពព័ត៌មានពីអ្នកធ្វើដំណើរបានប្រាប់ថា មុនពេលកេីតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1ID-3477 បើកបរក្នុងទិសដៅពីកេីតទៅលិចឡេីងស្ពានព្រែកព្នៅ​ ខណៈឡើងមកដល់ខាងលើស្ពានបានជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កដែលធ្វើដំណើរស្របទិសគ្នាពីក្រោយពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង ។ 

ប្រភពពីមិត្តភក្តិរបស់ជនរងគ្រោះបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះបានហូបស្រាអស់កន្លះលីត្រជាមួយគាត់ ក្បែរទីតាំងការដ្ឋានសំណង់ នៅស្ពានទី០៩លើផ្លូវជាតិលេខ០៦អា ។ ខណៈនោះជនរងគ្រោះបានប្រាប់គាត់ថា « សុំទៅផ្ទះមុនហើយ » ភ្លាមៗ ជនរងគ្រោះបានជិះម៉ូតូចេញបាត់តែម្តង ។ លុះមួយសន្ទុះក្រោយមក ក៏មានអ្នកខលទូរស័ព្ទមកប្រាប់គាត់ថា បុរសរងគ្រោះខាងលើបានស្លាប់បាត់បង់ជីវិតទៅហើយ ។ 

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាន នគរបាលខណ្ឌព្រែកព្នៅធ្វេីការវាស់វែងយកម៉ូតូ រួមទាំងម៉ូតូសណ្ដោងរុឺម៉កទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយ ។ ចំណែកសព សមត្ថកិច្ចប្រគល់ឱ្យគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណីឯស្រុកកំណើត ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖