ភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីចេញពីដកលុយនៅធនាគារបានហើយ កំពុងធ្វើដំណើរតាមផ្លូវក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូប៉ះដៃចង្កូតជាមួយម៉ូតូផ្សេង ដួលខ្ទាតធ្លាក់ចូលប្រឡាយ បណ្តាលឱ្យរងរបួសធ្ងន់ ស្រាប់តែមានជនឆ្លៀតឱកាស២នាក់បន្លំលូកហោប៉ៅដកយកថង់លុយចំនួន១មុឺនដុល្លារ ហើយនាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សោម រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរថៅកែរថយន្តដឹកដី មានទីលំនៅភូមិកោះម៉ាក់ប្រាំង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ជនរងគ្រោះបាត់បង់លុយអស់ចំនួន១មុឺនដុល្លារ នេះបើតាមការអះអាងរបស់គាត់ ។
តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះមកដកលុយនៅធនាគារចំនួន១មុឺនដុល្លារថ្លៃដឹកដី ចាក់ដីបានហើយក៏ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO-9337 ធ្វើដំណើរតាមផ្លូវជាតិលេខ៤ពីកើតទៅលិចដល់ចំណុចកើតហេតុក៏ប៉ះដៃចង្កូតជាមួយម៉ូតូផ្សេង ដួលខ្ទាតធ្លាក់ចូលក្នុងប្រឡាយ រងរបួសធ្ងន់ ផ្អើលប្រជាពលរដ្ឋជួយស្រង់ឡើងគោក ហើយឆ្លៀតក្នុងឱកាសនោះ មានជនសង្ស័យ២នាក់បានបន្លំលូកហោប៉ៅខោយកថង់លុយ រួចនាំគ្នាឡើងជិះម៉ូតូគេចខ្លួនទៅបាត់ ។
បើតាមការបញ្ជាក់ពីជនរងគ្រោះបានឱ្យដឹងថា លុយចំនួន១មុឺនដុល្លារ ថ្លៃចាក់ដី ទើបដកចេញពីធនាគារ ត្រូវបានជនឆ្លៀតឱកាសលួចយកទៅបាត់ ។
ក្រោយកើតហេតុជនរងគ្រោះ រងរបួសធ្ងន់ហើយបាត់លុយអស់ទៀត ត្រូវបានបងប្អូនប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។ ចំពោះការបាត់បង់លុយយ៉ាងណានោះ សមត្ថកិច្ចចាំទទួលពាក្យបណ្តឹងតាមក្រោយ និងបន្តធ្វើការស្រាវជ្រាវ ៕
ដោយ៖សុខាសែនជ័យ