ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីណែនាំ ស្ដីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ១៤-១៥-១៦ វិច្ឆិកា ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២៤ នេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅ នៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជារាស្ត្រ បានចូលរួមទស្សនាកម្សាន្ត សប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរយើង ដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដោយ មានបណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ បុរាណ និងសម្តែងសិល្បៈ ទាំង៣រាត្រី។

ដើម្បីរៀបចំកម្មវិធីប្រកួតអុំទូកនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដូចឆ្នាំមុន ស្របទៅតាមប្រពៃណី ទំនៀមទម្លាប់ជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយធានាបានសុវត្ថិភាព ការសប្បាយរីករាយផងនោះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សូមធ្វើការណែនាំដូចតទៅ ៖

* ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី ខេត្ត -តុបតែងលម្អ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក អាហ្វីស ប៉ាណូ និងបំភ្លឺ ភ្លើងពណ៌តាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព រដ្ឋបាលរាជធានី ខេត្ត មន្ទីរ អង្គភាព សាលារៀន វត្តអារាម ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រុមហ៊ុន រោងចក្រ សហគ្រាស តាមសួនច្បារ ទីសាធារណៈ និងគ្រប់គេហដ្ឋានប្រជារាស្ត្រ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។

-ធ្វើការណែនាំដល់មូលដ្ឋានដែលមាន ទូកង និង ទូកមួង “ទូកអុំ និង ទូកចែវ” ដោយស្ម័គ្រចិត្តឥតបង្ខំ ឱ្យធ្វើការហ្វឹកហាត់សាកល្បង និងជ្រើសរើសទូកដែលមានចំណុះពី១៨ខ្ទង់ឡើងទៅ ហើយជាប្រភេទទូក ដែលមានល្បឿនលឿន និងមានលក្ខណៈសមស្រប។ ក្រោយការសាកល្បង ត្រូវធ្វើចំណាត់ថ្នាក់តាមលំដាប់លំដោយប្រភេទ ទូកលឿន ទូកមធ្យម និងទូកគូពិសេស ដើម្បីងាយស្រួលគណៈមេប្រយោគ ផ្គូផ្គងរវាងទូកនីមួយៗ។

-រៀបចំធ្វើប្រវត្តិសង្ខេបរបស់ទូកនីមួយៗ និងបញ្ជីរាយនាមអ្នកអុំ អ្នកចែវ ឱ្យបានច្បាស់លាស់ ដោយត្រូវ ជ្រើសរើសអ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ និងចេះហែលទឹកស្ទាត់ជំនាញ ហើយផ្ញើមកអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឱ្យបានមុនថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ជាកំណត់។ ទូកទាំងឡាយ នឹងអាចចាត់តាំងចូលរួមបាន លុះត្រាតែបានទទួលការឯកភាពពីអាជ្ញាធរមូលដ្ឋានសាមី តាមរយៈឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលរាជធានី ខេត្ត ឬថ្នាក់ដឹកនាំក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព។

-រៀបចំអនុគណៈកម្មការមួយ មានសមត្ថភាពទទួលខុសត្រូវលើការគ្រប់គ្រងទូក និងប្រទីប ហើយត្រូវធ្វើ ការណែនាំ អប់រំដល់អ្នកអុំ និងអ្នកចែវទាំងអស់ឱ្យយល់ពីខ្លឹមសារនៃព្រះរាជពិធីបុណ្យអុំទូក ជៀសវាងការប្រទូសរ៉ាយគ្នា ទៅវិញទៅមក ដោយត្រូវរក្សាឱ្យបានសាមគ្គីភាព សប្បាយរីករាយ និងភាពថ្លៃថ្នូរ ស័ក្តិសមជាអ្នកស្រឡាញ់កីឡា ប្រណាំងទូក និងរក្សាបានប្រពៃណីជាតិពិតប្រាកដ។

-ខិតខំដោះស្រាយផ្ទាល់ខ្លួន ខោ អាវ មួក សញ្ញាប្រចាំមូលដ្ឋាន អង្គភាព និងជីវភាពក្នុងរយៈពេល៥ថ្ងៃ ព្រមទាំងគ្រប់មធ្យោបាយធ្វើដំណើរទៅមក។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងជួយឧបត្ថម្ភថវិកា ដល់កីឡាករ កីឡាការិនីអុំទូក រង្វាន់ទូកទទួលជ័យលាភីផ្នែកសោភណភាព និងរង្វាន់ទូកទទួលជ័យលាភី តាម ចំណាត់ថ្នាក់ផែននីមួយៗ។

-ណែនាំអ្នកគ្រប់គ្រងទូកនីមួយៗឱ្យលាបលាង និងតុបតែងលម្អក្បាច់រចនា ឱ្យបានល្អប្រណីតតាម រចនាបថខ្មែរពិតប្រាកដ។ រីឯអ្នកអុំ និងអ្នកចែវ ត្រូវមានសម្លៀកបំពាក់សមរម្យ ជាឯកសណ្ឋានតាមលក្ខណៈប្រពៃណី ទំនៀមទម្លាប់ ខ្មែរយើង។ អនុគណៈកម្មការវប្បធម៌ ទំនៀមទម្លាប់ និងសោភណភាព នឹងមានដាក់ចំណាត់ថ្នាក់ ផ្តល់ រង្វាន់ជ័យលាភី ផ្នែកសោភណភាពរបស់ទូក និងសម្លៀកបំពាក់របស់កីឡាករ កីឡាការិនី។

-ណែនាំអ្នកគ្រប់គ្រងទូកអុំ ទូកចែវទាំងអស់ ទោះចាញ់ ឬឈ្នះ ដាច់ខាតត្រូវចូលរួមក្នុងពិធីកាត់ព្រ័ត្រ ដើម្បីអបអរសាទរលទ្ធផលនៃការបញ្ចប់ដោយជោគជ័យនូវព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាបុណ្យប្រពៃណី ទំនៀមទម្លាប់ជាតិយើង។ ចំណែករូបភាពនៃការរៀបចំពិធីកាត់ព្រ័ត្រ នឹងត្រូវ កំណត់ជាក់លាក់នៅក្នុងបទបញ្ជាផ្ទៃក្នុងមួយដោយឡែក ៕

ដោយ ៖ សិលា


ចែករំលែក៖