ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលស្រុករមាសហែក ចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងដុំថ្មមួយដុំដែលតាំងនៅផ្លូវបែកជាបួនក្បែរសាលាស្រុក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៤ រដ្ឋបាលស្រុករមាសហែកបានចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងដុំថ្មមួយដុំដែលតាំងនៅផ្លូវបែកជាបួនក្បែរសាលាស្រុក ដោយបានបញ្ជាក់ថា បន្ទាប់ពីរដ្ឋបាលស្រុករមាសហែកបានបង្ហោះលើគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលស្រុកដោយដាក់ចំណងជើងថា អរគុណសន្តិភាព! សមិទ្ធផលថ្មី ទឹកដីនៃស្រុករមាសហែក (អមដោយរូបភាពថ្មសុខសិរីមិនទាន់ឆ្លាក់រួចរាល់) ក៏មានការចាប់អារម្មណ៍ពីសំណាក់គេហទំព័រហ្វេសប៊ុកមួយចំនួនបានយកទៅបង្ហោះជាសាធារណៈ និងចែករំលែកជាបន្តបន្ទាប់ ហើយក៏មានបងប្អូនមហាជនជាច្រើនដែលប្រើប្រាស់បណ្តាញសង្គមបានបន្តចែកចាយ និងវែកញែកលើប្រធានបទអំពីដុំថ្មមួយដុំនេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលស្រុក បានឱ្យដឹងថា ថ្មមួយដុំដែលដាក់តាំងនៅផ្លូវបំបែកជាបួនក្បែរសាលាស្រុកនេះ យកមកពីកំពូលភ្នំជុំសែនរីករាយ ស្ថិតនៅកម្ពស់ជាង៧០០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក ហើយថ្មមួយដុំនេះមានឈ្មោះថា សិលាសុខសិរី ឬសិលារួបរួមសុខសប្បាយ។

គួរបញ្ជាក់ថា ការតម្កល់នេះ រដ្ឋបាលស្រុក បានគិតគូររកជាងមកវាស់វែងរួចហើយដើម្បីកែលម្អឆ្លាក់ជារូបសត្វរមាសតំណាងឱ្យស្រុករមាសហែក និងសរសេរអក្សរទី ១ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងទី២ ប្រវត្តិថ្មសិលាសុខសិរីផងដែរ គឺដើម្បីនាំមកនូវភាពត្រជាក់ត្រជុំ សុខសប្បាយជូបបងប្អូនគ្រប់រូប និងគ្រប់ក្រុមគ្រួសារ៕

ដោយ ៖ សិលា


ចែករំលែក៖