ខេត្តសៀមរាប ៖ ចម្ការប្រណិត ពោរពេញដោយពូជឈើគ្រញូង និងពូជឈើប្រណិតជាច្រើនប្រភេទទៀត លាតសន្ធឹងលើផ្ទៃដីទំហំ ១ ៨៨៨ហិកតា កំពុងរង់ចាំស្វាគមន៍អ្នកទេសចរ ចូលទស្សនា និងឈ្វេងយល់ពីពូជឈើប្រណិតស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សម្រាប់ ចម្ការដ៏ប្រណិតមួយនេះដែរ កំពុងស្ថិតនៅក្រោមការការពារ និង អភិរក្សដោយយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប។
តាមរយៈឃ្លីបវីដេអូចេញផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៤ ម្សិលមុិញ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាចម្ការនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០១ រហូតមកទល់ពេលនេះ ចម្ការពូជឈើគ្រញូង និងពូជឈើប្រណិតជាច្រើនប្រភេទនៃសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ លាតសន្ធឹងលើផ្ទៃដីទំហំ ១ ៨៨៨ហិកតា ដែលកំពុងរង់ចាំទទួលស្វាគមន៍អ្នកទេសចរ ទៅទស្សនាកម្សាន្ត និងឈ្វេងយល់អំពីពូជឈើប្រណិតដែលកំពុងមានវត្តមាននៅទីនោះ។
នៅចម្ការពូជឈើគ្រញូងនេះ ក៏មានផងដែរនូវ សួនអនុស្សាវរីយ៍ «ទេសចរម្នាក់ ដើមឈើមួយដើម» ដែលទទួលស្វាគមន៍អ្នកទេសចរ ចូលរួមដាំដើមឈើប្រណិតដោយផ្ទាល់ដៃ ហើយរដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ ក៏នឹងរៀបចំស្លាកឈ្មោះទុកជូនជាអនុស្សាវរីយ៍ផងដែរ។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត សៀមរាប បានលើកឡើងថា៖ដើមឈើមានគុណប្រយោជន៍តាំតែពីកើតរហូតដល់យើងស្លាប់ទៅវិញ។ជាមួយគ្នាដើមឈើជាអាយុជីវិតរបស់យើងវាបានផ្តល់នូវអុកស៊ីសែន ស្រូបយកឧស្ម័នកាបូនិក ឬសឈើអាចយកទៅធ្វើជាឱសថ ឈើយកទៅធ្វើផ្ទះសម្បែងតាំងតែពី ការ បុណ្យទាន រហូតដល់យើងស្លាប់ទៅវិញក៏នៅតែប្រើប្រាស់ឈើដែរ។
លោកបានបញ្ជាក់ប្រាប់ថា”ដោយសារយើងមានសក្តានុពលទៅលើដើមគ្រញូងធម្មជាតិ ដែលកាលដំបូងឡើយយើងបានធ្វើការភ្ជួររាស់លើផ្ទៃដី ៥០ហិកតា។កាលនោះបានដើមពូជមេមានចំនួន៥៧២ដើម។ក្រៅអំពីដើមពូជឈើគ្រញូងនេះក៏យើងមានដើមឈើពូជជាច្រើនប្រភេទទៀតដែលដុះនៅតំបន់នេះ សុទ្ធជាសក្តានុពល ដោយយើងអាចធ្វើការចែកគ្រាប់ពូជ ដល់ពលរដ្ឋ មានដូចជាថៃសាន បេង ធ្នុង ស្រឡៅ។ក្រៅពីនេះយើងមានឈើប្រភេទលេខ៣ ឈើប្រភេទលេខ២ និងឈើប្រភេទបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា ៖ ចំការប្រណីត ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាចំការដ៏ប្រណីតមួយកំពុងស្ថិតនៅក្រោមការការពារនិងអភិរក្សដោយយកចិត្តទុកដាក់ ពីសំណាក់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប។
ចំការប្រណីត បង្កើតឡើងនៅឆ្នាំ២០០១ រហូតមកទល់ពេលនេះ ដែលជាចំការពូជឈើគ្រញូងនៃសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ លាតសន្ធឹងលើផ្ទៃដីទំហំ ១,៨៨៨ហិកតា និងពូជឈើប្រណិតជាច្រើនប្រភេទ ដែលកំពុងរង់ចាំស្វាគមន៍ប្រជាជនកម្ពុជាទៅទស្សនាកម្សាន្ត និងស្វែងយល់អំពីពូជឈើប្រណិតដែលកំពុងមានវត្តមាននៅទីនោះ។
នៅចំការពូជឈើគ្រញូងនេះ ក៏មានផងដែរនូវសួនអនុស្សាវរីយ៍ «ទេសចរម្នាក់ ដើមឈើមួយដើម» ដែលទទួលស្វាគមន៍ភ្ញៀវទេសចរទៅដាំដើមឈើប្រណិត ដោយរដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ នឹងរៀបចំស្លាកឈ្មោះទុកជូនជាអនុស្សាវរីយ៍៕
ដោយ ៖ សិលា