ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយវិនិយោគិនកូរ៉េ និងចិន តំណាងដោយ លោក Jung Bung Suk ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីគម្រោង Cambodia Free Economic Zone (CFEZ) ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នាពេលដ៏ខ្លីខាងមុខ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។
មានមតិក្នុងជំនួបខាងលើ តំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញដោយសង្ខេបអំពីផែនការមេនៃគម្រោងអភិវឌ្ឍន៍របស់ខ្លួនជូនក្រុមការងារដោយផ្តោតសំខាន់លើមុខសញ្ញាវិនិយោគស្នូលដែលគ្រោងនឹងលេចវត្តមាននៅក្នុង CFEZ។ ជារួម គម្រោងវិនិយោគមួយនេះមានបំណងប្រែក្លាយតំបន់នៅជាយរាជធានីភ្នំពេញទៅជាទីក្រុងឆ្លាតវៃដោយប្រមូលផ្តុំនូវសកម្មភាពវិនិយោគលើវិស័យឧស្សាហកម្ម, ឌីជីថល, អប់រំ, និងនគរូបនីយកម្ម។
ជាការឆ្លើយតប លោកអគ្គលេខាធិការរងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមភាគីដែលបានចំណាយពេលវេលាអញ្ជើញមកធ្វើបទបង្ហាញអំពីគម្រោង CFEZ ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីជ្រាប និងស្វែងយល់បន្ថែម។ ជាមួយគ្នានេះ លោកក៏បានធ្វើកំណត់សម្គាល់អំពីផែនការធុរកិច្ចរបស់ក្រុមហ៊ុនដែលមានបំណងបណ្តាក់ទុនវិនិយោគក្នុងការកសាងនូវចង្កោមទីក្រុងឆ្លាតវៃដោយទាក់ទាញនូវគម្រោងវិនិយោគវិនិយោគពហុវិស័យលើផ្ទៃដីប្រមាណ៣០០ហិកតា នៅរាជធានីភ្នំពេញ។
មុននឹងបញ្ចប់ លោកអគ្គលេខាធិការរង បានលើកទឹកចិត្តឱ្យសមភាគីមេត្តាសហការឱ្យបានស្អិតល្មួតជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅធានាបាននូវអនុលោមភាពគតិយុត្តក្នុងដំណើរការអនុវត្តគម្រោងរបស់ខ្លួន ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងបើកចំហទ្វាររីករាយស្វាគមន៍យ៉ាងកក់ក្តៅនូវរាល់គម្រោងវិនិយោគនានាដែលនឹងមានវត្តមាននៅក្នុងតំបន់ CFEZ នាពេលអនាគត៕
ដោយ៖ តារា