ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធចំណតផែកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃជិត ៤០លានដុល្លារ​ នាព្រឹកថ្ងៃទី១២​ កញ្ញា​នេះ!

ចែករំលែក៖

ខេត្តព្រះសីហនុ៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក អ៊ូអិណុ អាត់​ស៊ូ​ស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ​ បានអញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ” នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២៣ ក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នោះ ត្រូវបានរៀប​ចំ​​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។

បើតាមការបញ្ជាក់ពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចំណតផែកុងតឺន័រដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះ បានបើក​ការ​ដ្ឋាន​សាងសង់កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងឱកាសអបអរ​សា​ទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០​២​៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង​ជាប្រធានរដ្ឋសភាកម្ពុជានាពេលបច្ចុប្បន្ន។

លោករដ្ឋមន្ត្រី​ បន្តថា ចំណត​ផែកុង​តឺន័របន្ថែមនេះ ត្រូវបានសាងសង់ និងស្តារ​ជម្រៅ​ទឹកដល់ ១១,៥ម៉ែត្រ និងការ​បំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើប រួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រ​នៅគែមផែ ប្រភេទ QGC ចំនួន ២គ្រឿង, និងគ្រឿងចក្រលើកដាក់កុងតឺន័រ​នៅ​ទី​លាន ប្រភេទ RTG ចំនួន ៦គ្រឿង រួមទាំងការបំពាក់សម្ភារបរិក្ខារសំខាន់ៗផ្សេង​ទៀត ដែលនឹងជួយបង្កើន​សមត្ថភាព​ចំណតផែកុងតឺន័របន្ថែមនេះ បានប្រមាណ ៤៥ម៉ឺនTEUs/ឆ្នាំ។

លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា​ ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាននិង​កំពុង​ជួយបំពេញបន្ថែមនូវមុខងាររបស់​កំពង់​ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើ​ឱ្យ​សមត្ថភាពផែសរុបកើនឡើងពី៥៥​ម៉ឺន​TEUs/ឆ្នាំ ទៅ ១លាន TEUs/ឆ្នាំ និង​អាច​អនុញ្ញាតឱ្យនាវាកុងតឺន័រមានជម្រៅ​ទឹក​ ១០,៤ម៉ែត្រ ចូលចតបាន ដែល​តាម​ការ​ព្យាករណ៍ គឺកើនឡើងពី ១៨ភាគ​រយ ទៅប្រមាណ ៣៨ភាគរយ នៃនាវា​ដែលធ្វើនាវាចរក្នុងពិភពលោក ដោយ​ឡែក​សម្រាប់នាវាដែលមាន​ផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កើនឡើងរហូតដល់ ៤៩,២៥ភាគរយ។

គួរជម្រាបថា​ គម្រោងអភិវឌ្ឍចំណតផែកុងតឺន័របន្ថែមនេះ បានអនុវត្តការសាងសង់ដោយក្រុម​ហ៊ុន​ជប៉ុន តូអា ខបផើរេសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេស​ដោយ​សម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ និងក្រុមហ៊ុន Oriental Consultants Global ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៧ខែ និងបានបញ្ចប់ការសាងសង់​ជា​ស្ថាពរ​នៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ ដោយបានចំណាយ ថវិកាសរុប​ប្រមាណ ៣៧,៥លានដុល្លារអាម៉េរិក ក្នុងនោះ ថវិកាឥណទានសម្បទានពី​រដ្ឋា​ភិបាល នៃប្រទេសជប៉ុនប្រមាណ ១០លានដុល្លារអាម៉េរិក, ថវិការបស់កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រមាណ ២៧,៥លានដុល្លារអាម៉េរិក រួមទាំងថវិកាបដិ​ភាគ​មួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ ការដោះស្រាយពន្ធអាករផ្សេងៗ៕

ដោយ​៖ តារា​


ចែករំលែក៖