ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនឹងបញ្ជូនស្ត្រីម្នាក់ទៅតុលាការ នារសៀលនេះ ពាក់ព័ន្ធករណីហិង្សា

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីដែលប្រើអំពើហិង្សាដាក់ស្ត្រីម្នាក់ទៀតនៅខុនដូមួយកន្លែង កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សមត្ថកិច្ចនឹងបញ្ជូនស្ត្រីម្នាក់នេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរនិងបន្តនីតិវិធីច្បាប់។

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នង ការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ លីម សុខលាប ភេទស្រី នៅចំណុចមុខផ្ទះលេខ ៣៦B ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន ពាក់ព័ន្ធហិង្សាដោយចេតនា ប្រព្រឹត្តល្មើសនៅចំណុចខុនដូ Parkland ផ្លូវ១៩២៨ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ។ បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី”។ 

ទាក់ទិនករណីអំពើហិង្សាខាងលើនេះត្រូវបានប្រភពព័ត៌មានពីសមត្តកិច្ចបង្ហើបបឋមឱ្យដឹងថា ជនសង្ស័យមានឈ្មោះ លឹម សុខលាប ភេទស្រី អាយុ៣០ឆ្នាំ មុខរបរជាបុគ្គលិកកាស៊ីណូ ជីងប៉ី៣ ស្ថិតនៅក្រុង-ខេត្តព្រះសីហនុ ។ ជនសង្ស័យបានស្គាល់និងមានការទំនាក់ទំនងស្នេហាស្រឡាញ់គ្នាជាមួយជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ ឆាលី (Chali) ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ជាជនជាតិនីហ្សេរីយ៉ា ស្នាក់នៅខុនដូ Parkland ជាន់ទី៨ បន្ទាប់លេខC១១ ផ្លូវលេខ១៩២៨ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានរយៈពេលជាង៣ឆ្នាំមកហើយ។  

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១០ ជនសង្ស័យបានធ្វើដំណើរចេញពីក្រុងព្រះសីហនុមកកាន់រាជធានីភ្នំពេញ ដើម្បីបើកថ្នាំព្យាបាលជម្ងឺ និងមកជួបមុខសង្សារក្នុងគោលបំណងយកនំចំណីឱ្យទទួលទាន ។ ពេលមកដល់ភ្នំពេញពេលម៉ោងប្រមាណ១២ កន្លះឈានចូលថ្ងៃទី៩ ខែសីហា យប់ជ្រៅពេកជនសង្ស័យបានទៅស្នាក់នៅផ្ទះប្អូន ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ លុះម៉ោង១០ព្រឹក ជនសង្ស័យនិងប្អូន ស្រីម្នាក់អាយុប្រហែល២១ ឆ្នាំ បាននាំគ្នាជិះម៉ូតូកង់បីចេញទៅជួបសង្សារជនជាតិស្បែកខ្មៅ នីហ្សេរីយ៉ា ដែលកំពុងស្នាក់នៅខុនដូ Parkland ជាន់ទី៨ បន្ទប់លេខC១១ ភូមិកោះអណ្តែត សង្កាត់ ទួលសង្កែទី២ ខណ្ឌឬស្សីកែវនោះ ។ ពេលទៅដល់ជនសង្ស័យនិងប្អូនស្រីបានឡើងទៅកាន់បន្ធប់សង្សារ និងបានគោះទ្វារ ប៉ុន្តែមិនមានអ្នកណាបើកទ្វារឱ្យចូលទេ ជនសង្ស័យក៏បានឈររង់ចាំជាយូរទើបកើតមានសេចក្តីខឹងនិងធាក់ទ្វារបន្ទប់ខ្លាំងៗប្រហែលជាកន្លះម៉ោងក្រោយមក ទើបស្រីម្នាក់ឈ្មោះ ខ ស ខ បើកគន្លឹះទ្វារបន្ទប់ឱ្យជនសង្ស័យចូល។ ខណៈពេលទ្វារបន្ទប់របើក ជនសង្ស័យបានឃើញមុខស្ត្រីអ្នកបើកទ្វារឱ្យដែលកំពុងនៅក្នុងបន្ទប់សង្សារបណ្តូលចិត្តរបស់ខ្លួនដូចឃើញភ្លើង១០០អង្សា ក៏ស្ទុះទៅចាប់បោចសក់ស្ត្រីនោះនិងរុញឱ្យទៅអង្គុយលើសាឡុង ហើយក៏ចាប់ទាញយកកាំបិតចិតបន្លែមកកាន់នឹងដៃ សម្លុតគំរាមរកចាក់ទៅលើជនរងគ្រោះ ប៉ុន្តែមិនទាន់ចាក់ទេ ពេលនោះបុរសជនជាតិស្បែកខ្មៅឈ្មោះ ឆាលី ជាសង្សារក៏បានទៅចាប់យកកូនកាំបិតចេញពីដៃជនសង្ស័យ ហើយជនសង្ស័យក៏ស្រវាយកបានកន្រ្តៃដែកដែលនៅក្នុងថតតុចង្ក្រានបាយមួយទៀត មកកាន់ភ្ជង់គំរាមចាក់ទៅលើជនរងគ្រោះ ហើយជនរងគ្រោះរើបម្រះរករត់គេចខ្លួន ពេលនោះជនសង្ស័យក៏ជ្រុះកន្ត្រៃពីដៃ ។  ឃើញដូច្នោះជនសង្ស័យបានស្ទុះទៅយកកាំបិតបុ័ងតោ ហើយស្រែកសំឡុត និងចាប់បោចសក់ជនរងគ្រោះ ទាញអូសចូលទៅក្នុងបន្ទប់ដេករបស់សង្សារ និងលើកកាំបិតបុ័ងតោគំរាមសម្លាប់ ដោយខឹងនឹងជនរងគ្រោះខ្លាំងពេក ដែលហ៊ានលូកថ្លើមដេកជាមួយសង្សារគេ ។ មិនតែប៉ុណ្ណោះជនសង្ស័យបានសម្លុត និងគំរាមបង្ខំចិត្តជនរងគ្រោះឱ្យទារប្រាក់សេវាថ្លៃដេកជាមួយសង្សារគេ និងឈប់ឱ្យទាក់ទង ប៉ុន្តែជនរងគ្រោះមិនព្រមទារប្រាក់ពីជនជាតិស្បែកខ្មៅនោះទេ “ពោលគឺជនរងគ្រោះចាត់ទុកជនជាតិស្បែកខ្មៅក៏ជាសង្សារគេដែរ” នាងមិនមែនជាស្រីបម្រើផ្លូវភេទទេ មានន័យថា ស្ត្រីទាំងពីរនាក់ជាសង្សារជនជាតិស្បែកខ្មៅដូចគ្នា ដូច្នេះអំពើហិង្សាដែលកើតឡើងនេះប្រាកដណាស់ សង្សារប៉ះសង្សារជាន់រ៉ូលគ្នាហើយ ប្រៀបដូចភ្នំមួយមិនអាចមានខ្លាពីរ  ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖