ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើង១៧៩នាក់បង្កឡើងដោយព្យុះ ទឹកជំនន់និងបាក់ដីនៅវៀតណាម

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា នៅថ្ងៃទី១២ខែកញ្ញា អាជ្ញាធរវៀតណាមក្នុងរដ្ឋធានីហាណូយ បានជម្លៀសមនុស្សរាប់ពាន់នាក់ដែលរស់នៅក្បែរទន្លេក្រហម ខណៈកម្រិតទឹកទន្លេនេះបានហក់ឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន មិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំ បង្កជាទឹកជំនន់ជន់លិចផ្ទះ និងផ្លូវ ក្រោយព្យុះទីហ្វុង Yagi វាយប្រហារលើតំបន់ភាគខាងជើងនៃប្រទេសដោយសម្លាប់មនុស្សយ៉ាងហោចណាស់ក៏១៧៩នាក់ដែរ។
Yagi ដែលជាព្យុះទីហ្វុងកំណាចបំផុតមួយក្នុងតំបន់អាស៊ី នៅឆ្នាំនេះបានបក់បោកលើតំបន់ភាគខាងជើងវៀតណាម ដោយនាំមកជាមួយនូវខ្យល់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន រហូតបណ្ដាលឱ្យស្ពានមួយបាក់ចូលទន្លេ និងគ្រោះរអិលបាក់ដី រួមទាំងទឹកជំនន់ផងដែរ។ បើតាមរដ្ឋាភិបាលវៀតណាម ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់និងរអិលបាក់ដី បង្កឡើងដោយសារព្យុះ Yagi បានកើនដល់ ១៧៩នាក់ និង១៤៥នាក់កំពុងបាត់ខ្លួន។
ក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម EVN កាលពីថ្ងៃពុធ បាននិយាយថា ខ្លួនបានកាត់ផ្ដាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួននៃរដ្ឋធានីហាណូយ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ ក្រោមហេតុផលសុវត្ថិភាព។
សាលារៀនមួយចំនួនក្នុងរដ្ឋធានីហាណូយ បានប្រាប់ឱ្យសិស្សស្នាក់នៅក្នុងផ្ទះពេញមួយសប្ដាហ៍នេះ ដោយសារតែបារម្ភពីគ្រោះទឹកជំនន់ ស្របពេលប្រជាជនរាប់ពាន់នាក់ដែលកំពុងរស់នៅតំបន់ទំនាបត្រូវបានជម្លៀស៕

ដោយ៖ ធីរីណា(រូបថត​៖ Giaothong )


ចែករំលែក៖