ព័ត៌មានទាន់ហេតុការណ៍៖

តើកម្ពុជាត្រូវការពេលប៉ុន្មានឆ្នាំ ដើម្បីបិទបញ្ចប់សង្រ្គាម និងកសាងសន្តិភាពបាន?

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ នៅក្នុងបាឋកថា ស្តីពី «បទពិសោធន៍របស់កម្ពុជា ក្នុងការរំដោះជាតិការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ» នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ៖ សង្រ្គាមអាចឆាបឆេះបានយ៉ាងលឿនហើយងាយ ប៉ុន្តែការបញ្ចប់សង្រ្គាម និងការកសាងសន្តិភាព ត្រូវការពេលវេលាយូរណាស់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ៖ ចាប់តាំងពីប្រទេសកម្ពុជា ធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម ដោយសាររដ្ឋប្រហារទម្លាក់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៧០ កម្ពុជាត្រូវការពេលវេលាជិត៣០ឆ្នាំ ទម្រាំអាចកសាងបាននូវសន្តិភាពពិតប្រាកដមួយជាមួយជោគជ័យត្រចះត្រចង់នៃនយោបាយឈ្នះឈ្នះ នៅចុងឆ្នាំ១៩៩៨។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជាមានភាពជាម្ចាស់លើសុខសន្តិភាពរបស់ខ្លួន ដោយសម្តេចផ្ទាល់គឺជាអ្នកស្វះស្វែងចរចាស្វែងរកសន្តិភាពទាំងមូលនៅក្នុងឆ្នាំ១៩៨៧ ជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ដែលជាចំណុចចាប់ផ្តើមជំរុញឱ្យមានការចរចាជាមួយភាគីខ្មែរដទៃទៀត ទម្រាំសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១៕

ដោយ ៖ សិលា


ចែករំលែក៖