អន្តរជាតិ ៖ នៅថ្ងៃទី ១២ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះការបើកពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ ២០២៤។
គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានផ្សាយថា ៖ ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិបានរៀបចំធ្វើអស់ចំនួន ១០ លើកដោយជោគជ័យហើយដែលជាគំរូដ៏រស់រវើកសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃមុខរបរសេវាកម្មនិងពាណិជ្ជកម្មសេវាកម្មរបស់ចិនដែលបានរួមចំណែកយ៉ាងសកម្មដល់ការកសាងសេដ្ឋកិច្ចសកលបែបបើកទូលាយ ។ ប្រទេសចិនរីករាយរួមជាមួយប្រទេសនានាលើពិភពលោកដើម្បីធ្វើការងារស្របទៅតាមនិន្នាការទូទៅនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច រួមគ្នាចែករំលែកកាលានុវត្តភាព រួមគ្នាពិគ្រោះពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនិងរួមគ្នាជំរុញការអភិវឌ្ឍដើម្បីរួមចំណែកជាកម្លាំងក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោកនិងបង្កើនសុខសុភមង្គលរបស់ប្រជាជននៃប្រទេសនានា ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ នៅថ្ងៃដដែល ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ ២០២៤ បានបើកធ្វើនៅក្រុងប៉េកាំង ៕
ដោយ ៖ សិលា