ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនដ្រា បុករះរថយន្តព្រូសមួយគ្រឿងនិងម៉ូតូ០៥គ្រឿងព្រមទាំងសម្ភារ:សិប្បកម្មជាច្រេីនរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិនបានបេីករថយន្តធុនដ្រាមួយគ្រឿងយ៉ាងលឿន រួចរេចង្កូតជ្រុលទៅបុករថយន្តព្រូសមួយគ្រឿងនិងម៉ូតូ០៥គ្រឿង ព្រមទាំងសម្ភារ:សិប្បកម្មនៅក្នុងផ្ទះរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីល កាលពីវេលា២និង៤០នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិត្នោតជ្រំ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត Toyota Prius មួយគ្រឿង ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2BV-4416 បេីកបរដោយបុរសម្នាក់និងមានប្រពន្ធនិងកូនតូចរួមដំណេីរជាមួយ ធ្វេីដំណើរតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្ត Toyota ធុនដ្រា មួយគ្រឿង ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ2BP-2751 បើកបរដោយបុរសម្នាក់ជាជនជាតិចិន រួមដំណើរដោយបុរសជនជាតិចិនម្នាក់ទៀត ធ្វេីដំណេីរក្នុងទិសដៅបញ្រ្ចាសទិសគ្នាពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន រួចបានរេចង្កូតទៅបុករថយន្ត Toyota Prius ចំពីចំហៀងខាងឆ្វេងរងការខូចខាតស្ទេីតែទាំងស្រុង ហេីយរថយន្តធុនដ្រាមិនទាន់អត់ល្បឿនក៏ជ្រុលទៅបុករះម៉ូតូចំនួន០៥គ្រឿងនិងសិប្បកម្មអុីណុកជាច្រេីនក្នុងផ្ទះរងការខូចខាតយ៉ាងដំណំ ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យអ្នកណាម្នាក់រងរបួសនោះឡេីយ ។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងទំពុនទី២ បានសហការជាមួយនិងសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យ បានចុះដល់កន្លែងកេីតហេតុ និងបានឲ្យតំណាងភាគីរថយន្តបង្ករបស់ជនជាតិចិនធ្វេីការសម្របសម្រួលគ្នា ដោយភាគីរថយន្តបង្កជាជនជាតិចិនបានសងថ្លៃខូចខាតជួសជុលដល់ម្ចាស់រថយន្តព្រូស និងម្ចាស់ម៉ូតូចំនួន៥គ្រឿង ព្រមទាំងសម្ភារៈសិប្បកម្មរបស់ម្ចាស់ផ្ទះរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖