ភ្នំពេញ៖ នៅវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃ ទី១៧ខែកញ្ញា ឆ្នាំ២០២៤ មានករណីមនុស្ស២នាក់ត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់ភ្លាមស្ថិតនៅផ្ទះជួលគ្មានលេខផ្លូវលំភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលឈូរឆដល់ប្រជាពលរដ្ឋនៅជិតៗនោះ។
ប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ គូ សុភារិទ្ធ ភេទ ប្រុស អាយុ ៤៨ឆ្នាំ ជនជាតិ វៀតណាម មុខរបរ នៅផ្ទះ (ជាម្ចាស់ផ្ទះ) ស្នាក់ នៅកន្លែងកើតហេតុខាងលើ និងជនរងគ្រោះទី២ ឈ្មោះ យឿង ពៅ (ហៅ អ៊ុក) ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ វៀតណាម មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ប្រហែល ៤និង៥០នាទី រសៀល ឈ្មោះ យឿង ពៅ មកអង្គុយលេងនៅផ្ទះឈ្មោះ គូ សុភារិទ្ធ ជជែកគ្នាលេង ពីរឿងបបួលគ្នាចូលលុយទិញនុយទុកទៅស្ទូចត្រី ដោយនិយាយគ្នាបណ្តើរ សាកទូរស័ព្ទនឹង រ៉ូឡូខ្សែភ្លើង ចុចលេងបណ្តើរ ក្នុងពេលមេឃរលឹមស្រិចៗសើមចូលក្នុងផ្ទះផងដែរ។ បន្តិចក្រោយមកប្រពន្ធ ឈ្មោះ គូ សុភារិទ្ធ (ម្ចាស់ផ្ទះ)ដែលកំពុងដាំបាយនៅខាងក្រោយ ឃើញ ជនរងគ្រោះទាំង២ប្រកាច់រមួលចូលគ្នា ដោយជើងរបស់ឈ្មោះ យឿង ពៅ នៅជាប់ជាមួយ រ៉ូឡូខ្សែភ្លើង។ ភ្លាមនោះប្រពន្ធម្ចាស់ផ្ទះបានយកអំបោសជ័រ មកវាយរ៉ូឡូខ្សែភ្លើងចេញពីជើង របស់ឈ្មោះ យឿង ពៅ ហើយស្រែក ហៅ អ្នកជិតខាងឲ្យមកជួយ ប៉ុន្តែជនរងគ្រោះទាំងពីរ បានស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចនគរបាលការិយាល័យបច្ចេកទេស ពិនិត្យរបស់ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បញ្ជាក់ថា ស្លាប់ដោយសារចរន្តអគ្គិសនីឆក់ ។ បច្ចុប្បន្នសពទាំងពីរ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សូរិយា