ភ្នំពេញ៖ មុនពេលចាកចេញពីទឹកដី កំណើតអ្នកចម្រៀងសំនៀងសូប្រាណូកម្ពុជា កញ្ញាបុស្បា ប៉ាន់ ត្រូវបានស្ថានទូតសហ រដ្ឋអាមេរិកប្រចាំនៅកម្ពុជាអញ្ជើញឲ្យនាងទៅសម្តែងសមត្ថភាពសិល្បៈជូនដល់មន្ត្រី ស្ថានទូតទស្សនា និងស្តាប់កម្សាន្ត។ នាងទទួលបានការសរសើរខ្លាំងជាមួយនឹងការបង្ហាញពីអារម្មណ៍មោទនភាពជាមួយនឹងទេពកោសល្យដ៏ខ្ពស់របស់នាង។
បុស្បា បានចាកចេញពីកម្ពុជាទៅបន្តការសិក្សារបស់នាងហើយកាលពីថ្ងៃទី១១ខែសីហានេះ។ មុនពេលចាកចេញនាង បានបង្ហើរសំនៀង និងលេងឧបករណ៍តន្ត្រី ជូនដល់មន្ត្រីស្ថានទូតសហរដ្ឋអាមេរិក នូវបទចម្រៀងចំនួន៥បទ មានដូចជាបទ របស់អធិរាជសំឡេងមាសលោកស៊ិន ស៊ីសាមុតគឺបទ“ទោះយ៉ាងណា” បទ “Mona Lisa” បទ “Summer Time” បទ “កូនស្រីអ្នកនេសាទនៅភូមិបាក់ព្រា” និង ការលេងហ្គីតារ Classic ចំនួន៣បទផ្សេង ទៀត។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាដែលបានចេញផ្សាយកាលពីថ្មីៗនេះបានលើកឡើងថា តន្ត្រីការិនី និងជាអ្នកចម្រៀង ឈ្មោះ បុស្បា ប៉ាន់បានមកសម្តែងក្នុងស្ថានទូតអាមេរិកនៅរសៀលថ្ងៃនេះ ដើម្បីបង្ហាញពីទេពកោសល្យពិសេសរបស់នាងក្នុងការបញ្ចូលគ្នានូវតន្រ្តីរបស់ខ្មែរ និងតន្រ្តី Jazz របស់អាមេរិកនៅចំពោះមុខលោកឯក អគ្គរដ្ឋទូត Heidt ភរិយារបស់លោក ឈ្មោះសុទ្ធី លោកស្រីអនុប្រធានទូត Julie Chung និងអ្នកដទៃជាច្រើនទៀតក្នុងគ្រួសារនៃស្ថានទូតអាមេរិក។ នាងបុស្បា ដែលពេលនេះគឺជានិស្សិតម្នាក់កំពុងរៀននៅក្នុងសាលាតូរ្យតន្រ្តីដ៏ល្បី គឺសាលា New England Conservatory of Music ក្នុងទីក្រុង Boston បានធ្វើឲ្យទស្សនិកជនមានការចាប់ចិត្ត ចំពោះការច្រៀងរបស់នាងនូវបទចម្រៀងខ្មែរដ៏ល្បីមានចំណងជើងថា “បាក់ព្រា” ដែលត្រូវបានគេស្គាល់ថាជាបទមានចំណងជើងថា “កូនស្រីអ្នកនេសាទ”។ សូមតាមដានការច្រៀងនិងការនិយាយរបស់នាងថាតើបទចម្រៀងនេះមានន័យយ៉ាងណាសម្រាប់ នាងយើងសូមអរគុណនាងបុស្បាដែល បានមកកាន់ស្ថានទូតអាមេរិកថ្ងៃនេះ ហើយ យើងសូមជូនពរឲ្យនាងមានសំណាងល្អ នៅក្នុងការងារទៅអនាគត។
ទោះជាយ៉ាងណានេះមិនមែនលើកដំបូងទេដែលបុស្បា ប៉ាន់ទទួលបានការកោត សរសើរពីមន្ត្រីស្ថានទូតនៃប្រទេសមហា អំណាច។ កន្លងមកមន្ត្រីនៃស្ថានទូតនៃ បណ្តាប្រទេសជាច្រើនបានថ្លែងការកោតសរសើរអំពីទេពកោលស្យ សមត្ថភាពរបស់ បុស្បា មានដូចជាមន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជាជាដើម។
គួរបញ្ជាក់ដែរថាបុស្បា ប៉ាន់ នឹងក្លាយជាយុវជនខ្មែរទីមួយដែលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតលើជំនាញផ្នែកនិពន្ធបទភ្លេងមកពីសហរដ្ឋអាមេរិក។ នាងនឹងត្រូវចំណាយពេលសិក្សាបន្តយ៉ាងតិច៨ឆ្នាំទៀតដើម្បី បញ្ចប់ការសិក្សាថ្នាក់និពន្ធតន្ត្រីនៅសហរដ្ឋអាមេរិកហើយនាងនៅតែចិញ្ចឹមចិត្តជានិច្ច ក្នុងការវិលមកកាន់ទឹកដីកំណើតជាថ្មីដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្សដែលមាននិស្ស័យលើការនិពន្ធបទភ្លេង។ ជិត៤ឆ្នាំហើយដែលនាងបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីបន្តក្តីស្រមៃរបស់ នាងពិសេសទាក់ទងទៅនឹងការសិក្សាថ្នាក់តន្ត្រី ។ សិល្បករវ័យ១៧ឆ្នាំរូបនេះបន្តថាឆ្នាំមុននាងបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ Walnut Hill រួចមកហើយ ហើយឆ្នាំនេះនាងក៏ទើបនឹងបញ្ចប់ការសិក្សាឆ្នាំទី១នៅសាកលវិទ្យាល័យ The New England Conservatory នារដ្ឋប៊ូស្តុននៃសហរដ្ឋអាមេរិកកាលពីថ្មីៗនេះដែរ៕ វឌ្ឍនា