ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំយុវជននិងកីឡាបើកកិច្ច​ប្រជុំ​ស្តីពីការត្រួតពិនិត្យការងារចុះជួយគាំទ្រសាលារៀនគំរូ​

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យការងារចុះជួយគាំទ្រសាលារៀនគំរូ​ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

មុនឈាន​ដល់​កិច្ចពិភាក្សា​ ក្រុមការងារជំនាញ​បានរាយ ការណ៍ជូនអង្គប្រជុំអំពី របាយការណ៍វឌ្ឍនភាពការ​អនុវត្ត​កម្មវិធីចុះគាំទ្រ ការ​អនុវត្ត​ស្តង់ដាសាលារៀនគំរូ​ក្នុងក្របខណ្ឌ​ ១). គម្រោង USESDP-2 ២). គម្រោង STEP UP ៣).គម្រោង GEIP ៤). ការប្រើប្រាស់ថវិការដ្ឋ សម្រាប់ការងារចុះជួយសាលារៀនគំរូ។

ដើម្បីធានាបាននិរន្តភាព​ និង​ប្រសិទ្ធភាព​ការងារ បណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារ ជំនាញឱ្យចុះជួយគាំទ្រ និងពិនិត្យនៅសាលារៀនដោយផ្ទាល់ បង្កើត​ឱ្យមាន​ប្រព័ន្ធរបាយការណ៍​ និង​យន្តការ​ចុះជួយ​គាំទ្ររួម ដែលមានស្តង់ដាតែមួយ ទោះក្នុងក្របខណ្ឌគម្រោង​មួយណា​ក៏ ដោយ​ ប្រើប្រាស់ធនធានឱ្យបានត្រឹមត្រូវ, មានគ្រូ បង្គោលសម្រាប់បង្វិក ឬបង្ហាត់ណែនាំពីវិធីសាស្ត្របង្រៀនថ្មីនៅតាមសាលារៀន,​ មានប្រព័ន្ធសម្រាប់ពិនិត្យ​តាមដាន និង​វាយតម្លៃ​ជាប្រចាំ ក៏ដូចជារបាយ ការណ៍​សង្ខេប​រាល់ការ​ចុះ​ជួយ​​ ដោយ​ត្រូវបង្ហាញពីគោលបំណង សមាសភាពក្រុមការងារ និង​សកម្មភាពការងារ​ចុះជួយ ដើម្បីងាយស្រួលក្នុងការគាំទ្រ និងវាយតម្លៃវឌ្ឍនភាពការងារ និងបានគូសបញ្ជាក់ថា​ ការ​រៀបចំឱ្យមានប្រព័ន្ធរឹងមាំច្បាស់លាស់​នេះ នឹង​ធ្វើ​ឱ្យ​ការ​អនុវត្ត​គម្រោងចុះជួយគាំទ្រ​សាលាគំរូ​មាននិរន្ត​ភាព។

គួរបញ្ជាក់ដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំស្តង់ដាសាលារៀនគំរូ កម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ជាខ្នាតគំរូមួយសម្រាប់កំណត់វិសាលភាព និងវាស់វែងការអនុវត្តរបស់សាលារៀន ក្នុងគោលបំណងពង្រឹង ប្រសិទ្ធភាព និងគុណភាពអប់រំ ដែលសមស្របតាម និងបរិបទរបស់ប្រទេសកម្ពុជា។

ស្តង់ដាសាលារៀនគំរូតាមកម្រិតសិក្សានីមួយៗ បានបែងចែកជាស្តង់ដាចំនួន ៥ រួមមាន៖ (ស្តង់ដាទី១)៖ លទ្ធផលសិក្សារបស់សិស្ស (ស្តង់ដាទី២)៖ ការបង្រៀននិងរៀន (ស្តង់ដាទី៣)៖ ការចូលរួមរបស់សហគមន៍ (ស្តង់ដាទី៤)៖ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និង(ស្តង់ដាទី៥) ៖ គណនេយ្យភាពរបស់សាលារៀន៕

ដោយ៖ សូរិយា


ចែករំលែក៖