ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញា ។
សូមបញ្ជាក់ថា ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានរៀបចំព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅទីតាំង សួនច្បារខាងលិចវិមានឯករាជ្យ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោម ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ដើម្បីឱ្យព្រះរាជពិធីសម្ពោធខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច បានធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចំពោះ យានយន្តគ្រប់ប្រភេទ នៅតំបន់ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសុរាម្រឹត កំណាត់មហាវិថីព្រះសីហនុ (ពីស្តុបវត្តលង្កា រហូតដល់ស្តុបនាគបាញ់ទឹក) និងកំណាត់មហាវិថីព្រះនរោត្តម (ពីផ្លូវលេខ២៤០ រហូតដល់ រង្វង់មូលវិមានឯករាជ្យ និងពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ផ្លូវលេខ២៩៤) ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹករហូតដល់បញ្ចប់ព្រះរាជកម្មវិធី ៕
ដោយ ៖ សិលា