ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Huawei ប្តេជ្ញាបន្តរួមចំណែកធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា និងបង្កើនធនធានមនុស្សឌីជីថលស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា

ចែករំលែក៖

ប្រទេសចិន ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍និងលើកទឹកចិត្តដល់អ្នកវិនិយោគចិន ឱ្យបង្កើនការវិនិយោគ នៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ជាពិសេសការវិនិយោគលើវិស័យបច្ចេកវិទ្យា។

ការលើកឡើងរបស់ សម្តេចប្រធានរដ្ឋសភាបែបនេះ បានធ្វើឡើងនៅក្នុងឱកាសបំពេញទស្សនកិច្ច ទៅកាន់ក្រុមហ៊ុន Huawei Technology Co., Ltd.  ក្នុងទីក្រុងប៉េកាំង នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ខណៈសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន។ 

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ក្រុមហ៊ុន Huawei ដែលបានចូលរួមចំណែកកសាងសង្គមឌីជលនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំមកនេះ  តាមរយៈការផ្តល់សេវាកម្មនិងបច្ចេកវិទ្យា ស្របតាមគោលនយោបាលឌីជីថលរបស់រាជរដ្ឋាភិបាល។ 

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកវិស័យបច្ចេកវិទ្យាឌីជីថលជាអាទិភាព ដូចបានកំណត់នៅក្នុង«យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»  ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយបានកំណត់យកនូវអាទិភាពគន្លឹះចំនួន៥ មាន មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។ បច្ចេកវិទ្យា នៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ នៅក្នុងវិស័យជាច្រើន ដូចជាការគ្រប់គ្រងរដ្ឋបាលសាធារណៈ ទេសចរណ៍ សេដ្ឋកិច្ច ជាដើម។   

សម្តេចរដ្ឋសភាធិបតីបានបន្តថា ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក្រោមក្របខណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ត្រូវបានរំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។

លោក Wang Ke តំណាងក្រុមហ៊ុន Huawei បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចនិងគណៈប្រតិភូរដ្ឋសភាកម្ពុជាបានអញ្ជើញមកទស្សនកិច្ចនៅក្រុមហ៊ុនដោយផ្ទាល់ ដោយបញ្ជាក់ថាវត្តមានគណៈប្រតិភូបានផ្តល់កិត្តិយសដ៏ធំធេងដល់ក្រុមហ៊ុន។ 

លោក Wang Ke បានបញ្ជាក់ថានៅក្នុងការវិយោគរយៈពេល២៥ឆ្នាំ នៅកម្ពុជា លោកបានសង្កេតឃើញថាកម្ពុជាមានសក្តានុពលជាខ្លាំងនៅក្នុងការវិនិយោគ ពិសេសការអភិវឌ្ឍទៅលើវិស័យសង្គមឌីជីថល។ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការងារនេះដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍របស់ខ្លួន។ 

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន និងក្រុមហ៊ុនផ្សេងៗទៀត ក៏បានវិនិយោគ លើការផលិតសម្ភារៈគ្រឿងបង្គំអេឡិចត្រូនិក និងបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថលផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖