អ្នកទោស១០នាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងអ្នកទោសនឹងអ្នកទោសដោយ មានទាំងការផ្ទុះអាវុធទៀតផង។ ក្នុងចំណោម អ្នកស្លាប់មានជនជាតិចិន២នាក់ផងដែរ។ ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១១ខែសីហា។
លោក Xavier Solda អ្នកនាំពាក្យមន្ទីរឃុំឃាំងហ្វុីលីពីនបានឲ្យដឹងថា ក្នុងចំណោម អ្នកស្លាប់១០នាក់មាន៨នាក់ជាអ្នកទោសគ្រឿងញៀនក្នុងនោះមានអ្នកទោសជនជាតិ ចិនផងដែរ។ អ្នកទោសពីរនាក់ទៀតជាប់ទោសពីបទសម្លាប់ប្លន់។
តាមប្រសាសន៍លោក Xavier Solda លទ្ធផលស្រាវជ្រាវជាបឋមបង្ហាញឲ្យឃើញ ថា មានគ្រាប់បែកផ្ទុះបង្កឡើងដោយអ្នកទោស។ ហេតុការណ៍ខាងលើកើតឡើងក្រោយពេលដែលអ្នកទោសទាំងអស់បានជួបទទួលការណែនាំពីឆ្មាំគុកក្រោយពេលទទួលបានព័ត៌មានថា នឹងត្រូវផ្លាស់ទៅកាន់ មន្ទីរឃុំឃាំងផ្សេង។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា អ្នកទោសប៉ះទង្គិចជាមួយប៉ូលិសមុនពេលបំផ្ទុះគ្រាប់បែក។ ពលរដ្ឋដែលរស់នៅក្បែរនោះបានឲ្យដឹងថា មានសំឡេង ផ្ទុះខ្លាំងៗពីរទៅបីលើកនៅក្នុងមន្ទីរឃុំឃាំង Paranaque ។
នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន ប្រធានាធិបតី Duterte ទទួលបានជោគជ័យ យ៉ាងខ្លាំងដោយក្នុងនោះបានសម្លាប់ក្រុមជួញដូរគ្រឿងញៀន៥៤០នាក់ និង៤.៤០០ នាក់ត្រូវចាប់ខ្លួន ហើយជាង៦សែននាក់ បានចេញសារភាព។
បច្ចុប្បន្នមន្ទីរឃុំឃាំងធំបំផុត Quezon នៅទីក្រុងម៉ានីលអាចដាក់អ្នកទោសបានតែ៨០០នាក់ប៉ុណ្ណោះ ប៉ុន្តែពេលនេះបានដាក់រហូតដល់ទៅ៤.០០០នាក់ធ្វើឲ្យអ្នកទោសស្ទើរតែគ្មានកន្លែងដេកផង។ ទាំងនោះហើយធ្វើឲ្យហ្វុីលីពីនប្រឈមនឹងការខ្វះពន្ធនាគារ ហើយត្រូវសាងសង់ថ្មីបន្ថែម ទៀត។
រយៈពេលកន្លងមកអ្នកប្រើប្រាស់គ្រឿង ញៀនរាប់សិបពាន់នាក់បានទៅសារភាពដោយខ្លាចត្រូវប៉ូលិសបាញ់សម្លាប់។ ដោយ ហេតុនោះហើយអ្នកទោសគ្រឿងញៀន របស់ហ្វុីលីពីនបានកើនឡើងធ្វើឲ្យគុកទាំង ប៉ុន្មានតូចចង្អៀតដាក់អ្នកទោសមិនអស់ ធ្វើឲ្យរដ្ឋាភិបាលត្រូវសង់គុកបន្ថែមទៀត។
មន្ត្រីហ្វុីលីពីនបានប្រកាសថា រដ្ឋាភិបាល នឹងសាងសង់គុកថ្មីៗទៀតសម្រាប់អ្នកទោស។ យុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មនិងគ្រឿងញៀនរបស់ប្រធានាធិបតី ឌុយទែរ តេ កំពុងជំរុញឲ្យមានអ្នកទោសកាន់តែច្រើន ក្នុងពន្ធនាគារធ្វើឲ្យអ្នកទោសគ្មានកន្លែងសម្រាកនៅគ្រប់គ្រាន់។ ហ្វុីលីពីនជាប្រទេស លំដាប់ទី៣ក្នុងពិភពលោកដែលមានអ្នកទោសណែនណាន់តាន់តាប់ក្នុងពន្ធនាគារ។
មន្ត្រីក្នុងទីក្រុងកឺហ្សុងភាគខាងជើង ក្រុងម៉ានីលបានចុះហត្ថលេខាប្រគល់ដី មួយកន្លែងសម្រាប់សាងសង់ពន្ធនាគារថ្មីមួយជំនួសពន្ធនាគារចាស់មួយកន្លែងដែល សាងសង់ជាង៦០ឆ្នាំមកហើយ។ ពន្ធនា គារចាស់នេះមានអ្នកទោស៨០០នាក់ តែ បច្ចុប្បន្នអ្នកទោសបានកើនចំនួនដល់ជិត៤.០០០នាក់។
ពន្ធនាគារនៅកឺហ្សុងជួបបញ្ហាអ្នក ទោសច្រើនលើសលុបធ្វើឲ្យគ្មានកន្លែង សមស្របសម្រាប់អ្នកទោសសម្រាក។ អ្នកទោសខ្លះដេកនៅលើជណ្តើរខ្លះនៅតាម កម្រាលឥដ្ឋ។ អាជ្ញាធរក្រុងកឺហ្សុងទទួលស្គាល់ថា បញ្ហានេះពិតជាប៉ះពាល់ដល់សិទ្ធិ មនុស្ស សិទ្ធិរបស់អ្នកទោសទាំងនោះ។
រដ្ឋាភិបាលប្រកាសបញ្ចេញថវិកាដើម្បីសាងសង់ពន្ធនាគារថ្មីៗថែមទៀត។ យុទ្ធ នាការប្រឆាំងឧក្រិដ្ឋកម្មប្រឆាំងការជួញដូរគ្រឿងញៀនរបស់ប្រធានាធិបតីថ្មីហ្វុីលីពីន គឺលោក ឌុយទែរតេ មិនបានជំរុញឲ្យអ្នកទោសធ្លាក់ចុះទេ។ លោក ឌុយទែរតេ ដែល ជាប់ឆ្នោតកាលពីខែឧសភាបានសន្យា កម្ចាត់ឧក្រិដ្ឋកម្មឲ្យអស់ពីហ្វុីលីពីនតែក្នុង៦ខែប៉ុណ្ណោះ។
លោកបានជំរុញឲ្យប៉ូលិសហ៊ានបាញ់សម្លាប់ជនសង្ស័យ ជំរុញប្រជាជនឲ្យចូល រួមដាក់ទោសជនល្មើស។ ជាលទ្ធផល មនុស្សជិត៩០០នាក់រងការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ត្រូវបានប៉ូលិស និងប្រជាជនសម្លាប់ក្នុង ពេលកន្លងមក។ មនុស្សជិត៥.០០០នាក់ ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបានប៉ូលិស ចាប់ខ្លួន៕ ម៉ែវ សាធី