ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់៖ រដ្ឋាភិបាលម៉ាឡេស៊ីបញ្ជូនក្រុមបច្ចេកទេស១២រូប ចាប់ផ្តើមអនុវត្តគម្រោងបណ្ដុះបណ្ដាល ធនធានមនុស្ស នៅក្រោមកញ្ចប់ថវិកា១លានដុល្លារ ជូនសហគមន៍ខ្មែរឥស្លាម

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី (JAKIM) លោក Haji Mohammad Nordin Ismail បានដឹកនាំគណៈប្រតិភូ១២រូប មកពីស្ថាប័នចំនួន៥ ផ្សេងៗគ្នាចាប់ផ្តើម អនុវត្តគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យអប់រំ និង វិជ្ជាជីវៈ,ប្រព័ន្ឋគ្រប់គ្រងអាហារនិងផលិតផលហាឡាល់, ប្រព័ន្ឋគ្រប់គ្រងការប្រមូលទ្រព្យហ្សាកាត់(ដកពន្ឋច្បាប់ឥស្លាម)និងប្រព័ន្ឋសម្បត្តិគរុភ័ណ្ឌសាសនា, ប្រព័ន្ឋគ្រប់គ្រងច្បាប់ និង និតិវិធី នៃការប្រារព្ឋពិធីបុណ្យហាជ្ជ, ការងារគ្រប់គ្រងអាពាហ៍ពិពាហ៍ឥស្លាម,ការងារគ្រប់គ្រងវិហារឥស្លាម។ ដោយប្រើប្រាស់កញ្ចប់ថវិកា របស់រដ្ឋាភិបាលម៉ាឡេស៊ី ដែលសន្យារាប់រងជាថវិកា១លានដុល្លារ កាលពីឆ្នាំ២០១២ ហើយត្រូវបានសម្រេចយល់ព្រមផ្ដល់ឲ្យសហគមន៍ខ្មែរឥស្លាម នៅចុង ឆ្នាំ២០១៦នេះ ។ កញ្ចប់ថវិកា នេះនឹងប្រើប្រាស់ ដើម្បីអភិវឌ្ឍន៍វិស័យសំខាន់ៗ ជូន សហគមខ្មែរឥស្លាម តាមរយៈគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការ ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ខណៈលោកទទួលជួប ពិភាក្សាការងារជាមួយ គណៈប្រតិភូ អ្នកជំនាញបច្ចេកទេសម៉ាឡេស៊ី១២រូប នៅស្នាក់ការចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជាខណ្ឌឬស្សីកែវ កាលពីថ្ងៃទី ១៥ សីហា ឆ្នំា២០១៦។

លោក Haji Mohammad Nordin Ismail អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការឥស្លាមម៉ាឡេស៊ី បានបញ្ជាក់ថា៖ នៅក្នុងជាជំហានដំបូង ក្នុងដំណើរការ លើគម្រោងនានាសម្រាប់ឆ្នាំ២០១៦នេះ ក្រុមអ្នកឯកទេស របស់ស្ថាប័ន លោក បានទទួលការអនុញ្ញាតិពីរដ្ឋាភិបាលម៉ាឡេស៊ី ឲ្យ ចាប់ផ្តើម ចំណាយខ្ទង់ថវិកា ចំនួន៣០ម៉ឺនដុល្លារសិន ហើយបន្តរៀងរាល់ឆ្នាំរហូត ដល់បញ្ចប់បេសកកម្ម ដើមឆ្នាំ២០១៩។ ក្នុងពេលនេះ យើងផ្តើមពីវិស័យអប់រំជាមុន ដោយនឹងរៀបចំបំពាក់បំប៉នគ្រូបង្គោលថ្នាក់មត្តេយ្យ និង បឋមសិក្សា ហើយនឹងមានវគ្គអប់រំផ្សេងៗបន្ដទៀត ។ ចំណែកប្រព័ន្ឋផ្សេងៗ ៥ចំនុចទៀត នឹងបន្តតាមកាលវិភាគ ដែលបានដាក់ជូន ហើយកែប្រែតាមស្ថានភាពជាក់ស្តែង។ តាមរយៈសកម្មភាពនេះជាការបង្ហាញ ពីការផ្សាភ្ជាប់ទំនាក់ទំនង ឲ្យកាន់តែជិតស្និទ្ឋ រវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា។

លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានកោតសរសើរ និង ថ្លែងអំណរគុណដល់រដ្ឋាភិបាល ម៉ាឡេស៊ីដែលបានសម្រេច និងចាប់ផ្តើមដំណើរការគម្រោងកញ្ចប់ថវិការខាងលើដើម្បីជួយបណ្តុះបណ្តាល និងបំពេញសេចក្តីត្រូវការរបស់សហគមន៍ខ្មែរឥស្លាម ។ លោកបន្តថា៖ ក្នុងនាមថ្នាក់ដឹកនាំសាសនិក ឥស្លាមកម្ពុជា លោកមានក្ដីសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលម៉ាលេស៊ី នឹងបន្តបេសកកម្មនេះរហូតបានសម្រេច គ្រប់ផ្នែកទាំងអស់ដើម្បីចូលរួមអភិវឌ្ឍន៍លើកកំពស់វិស័យអប់រំ វិជ្ជាជីវៈ វិស័យឧស្សាហកម្ម និងកិច្ចការសាសនាឥស្លាមនៅកម្ពុជា ជាពិសេសគឺការកាត់បន្ថយភាពក្រីក្រ។

លោក សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានបញ្ជាក់ថា៖ សម្រាប់៦ចំណុចដែល ស្ថិតនៅក្រោមគម្រោងកញ្ចប់ថវិការក្រោមការ រាប់រងរបស់រដ្ឋាភិបាលម៉ាឡេស៊ី យើងខ្ញុំកំពុងរៀបចំមេក្រុមការងារ តាមផ្នែកនិមួយៗ ដើម្បីទៅទទួលការបណ្តុះបណ្តាលពីម៉ាឡេស៊ី តែសម្រាប់ពេលវេលា ដែលក្រុមបច្ចេកទេសដាក់ជូន ហាក់បីដូចជាគៀកគ្នា និង រយៈពេលខ្លី យើងខ្ញុំសូមយកពេលនេះចាត់ចែងសមាសភាពឲ្យសមស្រមតាមជំនាញ និមួយៗ សិន បន្ទាប់មក ក្រុមគណៈដឹកនំាជាន់ខ្ពស់ នៃសាសនា ឥស្លាមកម្ពុជា យើងនិងស្នើសុំកំណត់ថេរវេលាទៅតាមផ្នែកនិមួយៗ ដើម្បីត្រៀមអនុវត្ដឲ្យមានប្រសិទ្ធភាព៕ សំរិត

image12

image11

image10

image9

image8

image7

image13


ចែករំលែក៖