ព័ត៌មានទាន់ហេតុការណ៍៖

រវល់ចុចទូរស័ព្ទដៃ បើករថយន្តបុករុឺម៉កដឹកអេតចាយ និងបន្ដទៅបុករថយន្ដ កូរ៉ូឡា រងការខូចខាត ដោយសងថ្លៃខូចខាតអស់ជិត២០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តម៉ាក Ford Ranger ខណៈរវល់ចុចទូរស័ព្ទដៃ ក៏បានបេីករថយន្ដជ្រុលទៅបុករុឺម៉កដឹកអេតចាយ និងបន្ដទៅបុករថយន្ដកូរ៉ូឡាមួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ 

    ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឡេីងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ១១៨ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដម៉ាក Ford Ranger មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CA-7624 បើកបរដោយបុរសម្នាក់ និងឃើញកំពុងប្រេីប្រាស់ទូរស័ព្ទដៃ ធ្វើដំណើរតាមបណ្ដោយផ្លូវ១១៨ ទិសដៅពីកើតមកលិច ។ ស្រាប់តែមកដល់កន្លែងកេីតហេតុក៏រេចង្កូតទៅបុករុឺម៉កដឹកអេតចាយ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ១១៨ ទិសដៅពីលិចមកកើតបណ្ដាលឲ្យខូចខាត ។ ភ្លាមៗរថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេ ក៏បានព្យាយាម បន្ថែមល្បឿនបើករត់គេច ទៅបុករថយន្ដកូរ៉ូឡាមួយគ្រឿងទៀត ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AH-2625 ចំបញ្ឆិតពីមុខពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្នារងការខូចខាតផ្នែកពីមុខចំហៀងខាងឆ្វេងដូចគ្នាយ៉ាងដំណំ សំណាងដែរក្នុងហេតុការណ៍នេះមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានឲ្យខាងភាគីរថយន្ដបង្កដោះស្រាយជាមួយភាគីរងគ្រោះមួយជំហានសិន ។ មួយសន្ទុះក្រោយមកម្ចាស់រថយន្ដបង្កម៉ាក Ford Ranger ក៏ទទួលកំហុស និងសងថ្លៃខូចខាតទៅលើភាគីរុឺម៉កដឹកអេតចាយចំនួន១៥មុឺនរៀល និងសងទៅលេីភាគីរថយន្ដកូរ៉ូឡា ចំនួន១៥០០ដុល្លាដើម្បីបញ្ចប់រឿង៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖