ព័ត៌មានទាន់ហេតុការណ៍៖

លោកខាងលិចស្នើបទឈប់បាញ់២១ថ្ងៃនៅលីបង់ដើម្បីពិភាក្សា

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្ដាប្រទេសអារ៉ាប់ជាច្រើន បានអំពាវនាវរួមគ្នាកាលពីថ្ងៃពុធ ទី២៥ ខែកញ្ញា ឱ្យមានបទឈប់បាញ់បណ្ដោះអាសន្នមួយរយៈពេល២១ថ្ងៃ នៅក្នុងប្រទេសលីបង់ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលប្រឆាំងក្រុមហេសបូឡាហ៍កំពុងបង្កើនហានិភ័យរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូលទៅក្នុងសង្រ្គាម។
មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ និងរាប់ម៉ឺននាក់បានព្រាត់ប្រាស់ពីផ្ទះសម្បែងរបស់ពួកគេ ចាប់តាំងពីអ៉ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសនៅទូទាំងប្រទេសលីបង់ ក្នុងនោះ ការវាយប្រហារកាលពីថ្ងៃពុធ ត្រូវបានក្រសួងសុខាភិបាលលីបង់អះអាងថាបានសម្លាប់មនុស្ស ៧២នាក់។ ជាប្រតិកម្មទៅជម្លោះដ៏ក្ដៅគគុករវាងអ៉ីស្រាអែលនឹងហេសបូឡាហ៍នេះដែរ សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន អារ៉ាប៊ីសាអូ៊ឌីត អេមីរ៉ាតអារ៉ាប់រួម និងកាតា៛ បានចេញសេចក្ដីថ្លែងការណ៍រួមមួយដោយអំពាវនាវឱ្យមានបទឈប់បាញ់បណ្ដោះអាសន្ន។
សេចក្ដីថ្លែងការណ៍រួមនេះ បានគូសបញ្ជាក់ដូច្នេះថា «វាជាពេលត្រូវសម្រេចឱ្យបាននូវដំណោះស្រាយការទូត ដែលអនុញ្ញាតឱ្យជនស៊ីវិលនៃភាគីជម្លោះទាំងសងខាងនៅតាមបណ្ដោយព្រំដែន អាចត្រូវត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព…ប៉ុន្តែការទូតមិនអាចសម្រេចបានជោគជ័យនោះទេ ក្នុងបរិបទជម្លោះដ៏ក្ដៅគគុកបែបនេះ។ ដូច្នេះយើងអំពាវនាវឱ្យមានបទឈប់បាញ់រយៈពេល២១ថ្ងៃ នៅទូទាំងតំបន់ព្រំដែនរវាងអ៉ីស្រាអែលនឹងលីបង់ ដើម្បីទុកឱកាសសម្រាប់កិច្ចប្រឹងប្រែងផ្នែកការទូតឆ្ពោះទៅរកការសម្រេចបាននូវដំណោះស្រាយការទូតមួយយ៉ាងពេញលេញ»។
ឆ្លើយតបទៅនឹងការអំពាវនាវឱ្យមានបទឈប់បាញ់ ខាងអ៉ីស្រាអែលបាននិយាយថា ខ្លួនស្វាគមន៍ចំពោះដំណោះស្រាយការទូតស្ដីពីប្រទេសលីបង់ ប៉ុន្តែមិនបាននិយាយថាតើខ្លួន មានការប្ដេជ្ញាចិត្តអនុញ្ញាត ឬទទួលយកបទឈប់បាញ់ដែរ ឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែសន្យាថានឹងបន្តដើរតាមគោលដៅរបស់ខ្លួនដើម្បីធ្វើឱ្យសមត្ថភាពរបស់ហេសបូឡាហ៍ ចុះខ្សោយ៕

ដោយ៖ ធីរីណា(រូបថត៖ AFP)


ចែករំលែក៖