ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំទ្វេភាគីរវាង រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា និងរដ្ឋមន្រ្តីក្រសួងអប់រំ និងឧត្តមសិក្សា នៃប្រទេសកាតា

ចែករំលែក៖

ទីក្រុងដូហា ៖ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម កិច្ចប្រជុំកំពូល នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី៣ (3rd Asia Cooperation Dialogue) ដែលឆ្លៀតក្នុងឱកាសនេះដែរ ក៏បានដឹកនាំប្រជុំទ្វេភាគីជាមួយលោកស្រីButhaina bint Ali Al Jabr Al Nuaimi រដ្ឋមន្រ្តីក្រសួងអប់រំ និងឧត្តមសិក្សា នៃប្រទេសកាតា ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ស្តីពីការអប់រំវាងប្រទេសទាំងពីរ។

កិច្ចប្រជុំនេះបានពិភាក្សាលើប្រធានបទកំណែទម្រង់អប់រំគន្លឹះ ដូចតទៅ៖

­- វិធានការលើកកម្ពស់លទ្ធផលតេស្តរង្វាយតម្លៃការសិក្សាសិស្សកម្រិតអន្តរជាតិ PISA តាមរយៈការវិភាគ និងបែងចែកកម្រិតសមត្ថភាព និងប្រភេទសាលារៀន ដោយផ្អែកលើពិន្ទុ PISA និងការរៀបចំបទអន្តរាគមន៍តាមតម្រូវការរបស់ក្រុមសាលារៀននីមួយៗ ព្រមទាំងការចែករំលែកបទពិសោធន៍នៃការដាក់ឱ្យអនុវត្តការប្រឡងថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ តាមលំនាំវិញ្ញាសាតេស្ត PISA នៅប្រទេសកាតា

­- ការផ្សារភ្ជាប់ការអប់រំមធ្យមសិក្សា និងឧត្តមសិក្សា តាមរយៈការផ្តល់សេវាប្រឹក្សាអាជីព ដើម្បីធានាថាសិស្សអាចជ្រើសរើសជំនាញសិក្សាច្បាស់លាស់ ជាពិសេសការផ្សារភ្ជាប់ការអប់រំបច្ចេកទេស និងគ្រឹះស្ថានឧត្តមសិក្សាដែលផ្តល់ការបណ្តុះបណ្តាលជំនាញដូចគ្នា

­- ការផ្តោតលើការសិក្សាពេញមួយជីវិត តាមរយៈការបង្កើនគុណវុឌ្ឍិ និងបណ្តុះបណ្តាលជំនាញបន្តដល់គ្រូបង្រៀន និងការបញ្ចូលបំណិនស្រាវជ្រាវពីកម្រិតបឋមសិក្សាមក តាមរយៈការសិក្សាតាមបែបគម្រោង និងសកម្មភាពជំរុញការគិតត្រិះរិះពិចារណ និងការវិភាគស្ថានការណ៍ជាដើម

­- ការជំរុញការស្រាវជ្រាវ និងនវានុវត្តន៍ តាមរយៈការប្រកួតប្រជែងគម្រោងស្រាវជ្រាវ ជាពិសេសការជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ 

– ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងការរក្សាគ្រូដែលមានសមត្ថភាពខ្ពស់ តាមរយៈការអនុវត្តគន្លងអាជីពគ្រូបង្រៀន ការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនឱ្យទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត និងការផ្តល់អាជ្ញាបណ្ណតាមកម្រិតសមត្ថភាព និងបទពិសោធន៍របស់គ្រូបង្រៀន

­- ការធានាគុណភាអប់រំកម្រិតសាលារៀន និងកម្រិតឧត្តមសិក្សា តាមរយៈការទទួលស្គាល់គុណអប់រំទាំងកម្រិតគ្រឹះស្ថាន និងកម្មវិធី

­- ការរៀបចំមជ្ឃមណ្ឌលឧត្តមភាព ដើម្បីផ្តល់សេវាបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពដល់គ្រូបង្រៀនជាប្រចាំ

­- ការបង្កើតសាលារៀនស្ទែមនៅមធ្យមសិក្សា និងការកំណត់ខ្លឹមសារមេរៀនសម្រាប់សិស្សពូកែ 

­- ការរៀបចំយុទ្ធសាស្រ្តសម្រាប់ពង្រឹងមូលដ្ឋានគ្រឹះនៃការអប់រំកុមារតូច

­- ការធ្វើប្រតិភូកម្មសាលារៀនចំណេះទូទៅទៅថ្នាក់ក្រោមជាតិ ដោយក្រសួងកំណត់ស្តង់ដាសាលារៀនអប្បបរមា ដើម្បីធានាគុណភាពអប់រំ៕

ដោយ៖ សូរិយា


ចែករំលែក៖