ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការលើសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។ 

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៤៣៨ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ទាក់ទិននឹងអំពើញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលមានជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងបណ្តាញសង្គម កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា កាលពីអំឡុង ខែកញ្ញា ឆ្នាំ២០២៤ ជនត្រូវចោទ ឈ្មោះ ម៉ិច ដារ៉ា បានបង្ហោះសារជាច្រើន ដែលមានលក្ខណៈញុះញង់ និងយករូបភាពកាត់តរមណីយដ្ឋានបាភ្នំ ត្រូវបានវាយកម្ទេចចោល បំភ្លៃការពិត មួលបង្កាច់ ប្រឌិតព័ត៌មានមិនពិតផ្សេងទៀត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ចុះកំហឹងឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហោះ ចូលក្នុងផេកហ្វេសប៊ុករបស់ខ្លួនឈ្មោះ Mech Dara និងបានចែកចាយក្នុងបណ្តាញសង្គមFacebook, Twitter, Telegrame, whatsapp, និងSignal ដែលជនត្រូវចោទមានចេតនាទុច្ចរិត បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម។ អំពើដែលប្រព្រឹត្តឡើងដោយជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា ជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ ជាធរមាន ហើយជនត្រូវចោទរូបនេះ បានទទួលស្គាល់ និងសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ ប្រាកដមែន។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖