បើតាមលោកនាយឧត្តមសេនីយ៍ កិត្តិព្រឹទ្ធបណ្ឌិត អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា រថយន្តសាលាបានផ្ទុះកង់ បាត់បង់ការគ្រប់គ្រង និងបានបុកចំកណ្តាលទ្រូងផ្លូវ បណ្តាលឲ្យឆេះអស់តែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១ តុលា២០២៤ រថយន្តក្រុងដឹកសិស្ស និងលោកគ្រូអ្នកគ្រូចំនួន៤៤នាក់ធ្វើដំណើរតាមផ្លូវ Vibhavadi Rangsit ជិតរាជធានីបាងកក ស្រាប់តែបុកនិងឆេះ ។ រយៈពេលប្រមាណ៤០នាទី ឆេះរថយន្តទាំងមូល។ បច្ចុប្បន្នមនុស្ស ២៥ នាក់ត្រូវបានគេជឿថាបានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ។ អ្នករងរបួសទាំង១៩នាក់ទៀតកំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Rangsit ដែលនៅក្បែរនោះដើម្បីព្យាបាល។
រថយន្តក្រុងដែលជួបគ្រោះថ្នាក់នេះ គឺជារថយន្តក្រុងមួយក្នុងចំណោមបី ដែលដឹកសិស្សទៅលេងសាលា Wat Khao Phra ខេត្ត Uthai Thani ដែលមានចម្ងាយប្រហែល 250 គីឡូម៉ែត្រពីទីក្រុងបាងកក។
បើតាមប៉ូលិសថៃ មូលហេតុដំបូងដែលបណ្តាលឲ្យមានអគ្គិភ័យនេះ គឺដោយសារតែរថយន្តក្រុងបានផ្ទុះកង់រថយន្ត បន្ទាប់មកបានបុកចំកណ្តាលទ្រូងផ្លូវ បង្កើតជាផ្កាភ្លើង បណ្តាលឲ្យរថយន្តឆាបឆេះតែម្តង។
នាយករដ្ឋមន្ត្រី Paetongtarn Shinawatra បាននិយាយថា មានករណីស្លាប់ដោយគ្រោះថ្នាក់នោះ ហើយបានផ្ញើការរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ។ លោកស្រី Paetongtarn បានបង្ហោះនៅលើបណ្តាញសង្គម X ថា “ក្នុងនាមជាម្តាយ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់ខ្ញុំទៅកាន់ក្រុមគ្រួសារនៃអ្នកដែលមានទុក្ខ”។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul ដែលមានវត្តមាននៅកន្លែងកើតហេតុ បាននិយាយថា វាមិនទាន់អាចបញ្ជាក់ចំនួនអ្នកស្លាប់បានទេ ដោយសារការស៊ើបអង្កេតកន្លែងកើតហេតុមិនទាន់បានបញ្ចប់ ប៉ុន្តែផ្អែកលើចំនួនអ្នកនៅរស់ លោកបាននិយាយថា ប្រហែលជាមានយ៉ាងហោចណាស់មនុស្ស 25 នាក់បានស្លាប់។
បច្ចុប្បន្នសមត្ថកិច្ចថៃបានចុះទប់ស្កាត់ពិនិត្យកន្លែងកើតហេតុ ប្រមូលភស្តុតាង និងកំណត់អត្តសញ្ញាណជនរងគ្រោះដែលស្លាប់។ បច្ចុប្បន្នប៉ូលិសក៏កំពុងស្វែងរកអ្នកបើកបររថយន្តក្រុងដែលបានចាកចេញពីកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់៕ ដោយ៖ ធីរីណា
រូបថត៖ vtv.vn