ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដោយសហការជាមួយការិយាល័យអប់រំ និងមត្តេយ្យសិក្សាសហគមន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវខិតខំទាញយក កុមារតូចនៅក្នុងខេត្តកណ្ដាល ឱ្យចូលសាលារៀនទាំងអស់ ដោយមិនត្រូវឱ្យមានកុមារតូចណាម្នាក់មិនបានចូលរៀននៅក្នុងសាលាឡើយ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានធ្វើការណែនាំបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារៈ និងបរិក្ខារ ជូនមត្តេយ្យសិក្សាសហគមន៍ចំនួន៧ ក្រុង-ស្រុក ក្នុងខេត្តកណ្តាល នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមុិញ នៅសាលាខេត្តកណ្ដាល ដែលពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងមត្តេយ្យសិក្សាសហគមន៍ក្នុងខេត្តកណ្ដាល។
លោកអភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាលនីតិកាទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ ដែលមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយការអភិវឌ្ឍន៍ធនធានមនុស្សនេះ គឺពិតជាសំខាន់ណាស់សម្រាប់ប្រទេសជាតិរបស់យើង ក្នុងនោះដែរការយកចិត្តទុកដាក់ឱ្យកុមារតូចបានចូលសាលារៀន បានទទួលការអប់រំ និងតម្រង់ទិសពីលោកគ្រូ អ្នកគ្រូ ធ្វើឱ្យកុមារតូចក្លាយជាកុមារល្អតាំងពីខ្លួននៅតូចមកម្ល៉េះ ហើយកុមារល្អប្រៀបដូចទំពាំងស្នងឬស្សីផងដែរ។
លោកអភិបាលខេត្ត បន្ថែមថា មត្តេយ្យសិក្សាសហគមន៍ ត្រូវខិតខំអភិវឌ្ឍន៍ខ្លួនឱ្យបានល្អប្រសើរ ធ្វើឱ្យអាណាព្យាបាលមានទំនុកចិត្តមកលើខ្លួន ធ្វើយ៉ាងណាទាញយកកុមារតូចនៅក្នុងភូមិទាំងអស់ដែលមាន ឱ្យមកសិក្សានៅក្នុងសាលារៀនរបស់ខ្លួន។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលបានធ្វើវិមជ្ឈការ មកឱ្យរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដូច្នេះត្រូវជួយគាំទ្រមត្តេយ្យសិក្សាសហគមន៍ និងបឋមសិក្សា ដោយផ្ទាល់ និងម៉ត់ចត់បំផុត ព្រមទាំងសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ធ្វើយ៉ាងណាឱ្យការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ទទួលបានផ្លែផ្កាទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តកណ្ដាល និងបន្តការគាំទ្រលើសម្ភារៈ និងបរិក្ខារ នៅឆ្នាំបន្តបន្ទាប់ទៀត។
លោកស្រី ឃួន សុខុម អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានឱ្យដឹងថា ក្នុងខេត្តកណ្ដាលមានមត្តេយ្យសិក្សាសហគមន៍ ចំនួន ១៨៤ថ្នាក់ នៅក្នុងឃុំចំនួន ៨៦ មានគ្រូសរុប១៨៤នាក់ សិស្សសរុប ៥.៣៨៣នាក់។
លោកស្រីអនុប្រធានមន្ទីរ បន្តថា ការបង្កើតមត្តេយ្យសិក្សាសហគមន៍ គឺដើម្បីផ្តល់ឱកាសឱ្យកុមារដែលមានអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៦ឆ្នាំ ទទួលបានសេវាអប់រំកុមារតូចប្រកបដោយសមធម៌ និងបរិយាបន្ន ដែលជាមូលដ្ឋាន សម្រាប់បន្តការសិក្សានៅថ្នាក់ទី១ នៃបឋមសិក្សាទទួលបានលទ្ធផលល្អ ជួយកាត់បន្ថយអត្រាត្រួតថ្នាក់ និងបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា៕
ដោយ ៖ សិលា