ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនមុខសញ្ញាម្នាក់ ក្នុងករណីឃាតកម្មលេីក្មេងស្រីម្នាក់ នៅស្រុកបាណន់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញនាយកដ្ឋានបចេ្ចកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយមន្រ្តីអង្គភាពការពារកុមារ CPU និងកម្លាំងនគរបាលស្រុកបាណន់ ដែលមានលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុក បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មៀន រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបាណន់ ក្នុងករណី (ឃាតកម្ម) ទៅលេីក្មេងស្រីឈ្មោះ ន-ត អាយុ១០ឆ្នាំ ។ ក្រោយពីធ្វើការសាកសួររួចជនសង្ស័យខាងលើបានឆ្លើយសារភាពថា ៖ រូបគេពិតជាបានធ្វើសកម្មភាព សម្លាប់ក្មេងស្រីរងគ្រោះឈ្មោះ ន-ត អាយុ១០ឆ្នាំ (ត្រូវជាក្មួយថ្លៃបង្កើត) ពិតប្រាកដមែន ។ មូលហេតុ ៖ ខឹងក្មេងស្រីរងគ្រោះដឹងរឿងប្រពន្ធរបស់ខ្លួនមានសាហាយតែមិនប្រាប់ខ្លួន និងជនសង្ស័យប្រើប្រាស់គ្រឿងញៀន ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖