ខេត្តព្រះវិហារ ៖ ដើម្បីលើកកម្ពស់ការយល់ដឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ព្រមទាំងការចាត់វិធានបង្ក្រាប និងទប់ស្កាត់ល្បែងស៊ីងសងគ្រប់ប្រភេទ អគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាងគ្រប់ប្រភេទនៅខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ។
កិច្ចប្រជុំក្រោមអធិបតីភាពលោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការការគតិយុត្ត និងគ្រប់គ្រងអាជ្ញាប័ណ្ណនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លោក ខូយ ឃុនហ៊ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត និងមានការចូលរួមពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ស្នងការនរគបាលខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អធិការដ្ឋាននគរបាលក្រុង ស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលឃុំសង្កាត់ ជាច្រើនរូប នៅសាលាខេត្តព្រះវិហារ ។
សូមបញ្ជាក់ថា ៖ គោលនយោបាលភូមិ ឃុំ មានសុវត្ថិភាព គឺអនុវត្តជាប្រចាំ ។
ភូមិ-ឃុំ មានសុវត្ថិភាព រួមមានលក្ខណៈសម្បត្តិ៩យ៉ាង៖
១. គ្មានសកម្មភាពលួច ឆក់ប្លន់ គ្រប់ប្រភេទ។
២. គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គឿងញៀនខុសច្បាប់។
៣. គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។
៤. គ្មានក្មេងទំនើង។
៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រប់ប្រភេទ។
៦. គ្មានគ្រោះថ្នាក់ចរាចរណ៍។
៧. គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
៨. មានវិធានការណ៍ទប់ស្កាត់ គ្រប់គ្រង និងការឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ។
៩. គ្មានការត្រួតពិនិត្យខុសច្បាប់ ៕
ដោយ ៖ សិលា