ខេត្តកណ្តាល៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ដែលជាបេក្ខជនប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ ក្នុងខេត្តកណ្ដាល ត្រូវយកចិត្តទុកដាក់ក្នុងការធ្វើលំហាត់ឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបាននិទ្ទេសល្អ និងឈានទៅបន្តការសិក្សានៅឧត្តមសិក្សាបន្តទៀត។
លោកអភិបាលខេត្តកណ្ដាល បានថ្លែងលើកទឹកចិត្តបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញកាត់វិញ្ញាសាប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។
លោកអភិបាលខេត្ត បន្តថា៖ ក្នុងកំណែទម្រង់របស់ក្រសួង អប់រំយុវជន និងកីឡា សិស្សានុសិស្សទាំងអស់ ត្រូវតែមានសមត្ថភាព ហើយអ្នកចេះគឺជាប់ ដូច្នេះសមត្ថភាពដែលក្មួយៗទាំងអស់ បានខិតខំយកចិត្តទុកដាក់រៀនក្នុងរយៈពេលកន្លងមក ត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាពនៅពេលនេះ ដើម្បីទទួលបាននូវលទ្ធផលល្អ និងឈានទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សាបន្តទៀត។ ជាងនេះទៀតឯកឧត្តម បានថ្លែងបញ្ជាក់ថា៖ ដើម្បីជាការលើកទឹកចិត្ត សម្រាប់សិស្សានុសិស្សដែលជាប់និទ្ទេសA ឯកឧត្តមនឹងផ្ដល់ម៉ូតូមួយគ្រឿង សម្រាប់ធ្វើដំណើរបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបន្តទៀត។
ក្នុងឱកាសនោះដែរលោកអភិបាលខេត្ត បានជូនពរដល់សិស្សានុសិស្សទាំងអស់ ឱ្យប្រឡងជាប់គ្រប់ៗគ្នា ពិសេសទទួលបាននិទ្ទេសល្អផងដែរ។
លោក ចេង សំអុល ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តកណ្ដាល បានឱ្យដឹងថា៖ ខេត្តកណ្ដាលមានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៨មណ្ឌល ស្មើនឹង ៤៥១បន្ទប់ នៅតាមសាលាក្នុងក្រុង-ស្រុក ចំនួន៦ រួមមាន៖ ក្រុងតាខ្មៅ មាន ៤មណ្ឌល, ស្រុកស្អាង មាន ៣មណ្ឌល, ស្រុកកណ្ដាលស្ទឹង មាន ៣មណ្ឌល, ស្រុកកៀនស្វាយ មាន ២មណ្ឌល, ស្រុកពញាឮ មាន ៣មណ្ឌល និងស្រុកខ្សាច់កណ្តាល មាន ៣មណ្ឌល មានបេក្ខជនចុះឈ្មោះប្រឡង
ឆ្នាំសិក្សា២០២៣-២០២៤ ក្នុងបញ្ជីប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន ១១ ១១៥នាក់។ បេក្ខជនចំណេះទូទៅ ថ្នាក់វិទ្យាសាស្រ្ត ៣ ១០៨នាក់, ថ្នាក់វិទ្យាសាស្រ្តសង្គម ៦ ៦២១នាក់។ បេក្ខជនស្វៃរិនចំណេះទូទៅ ថ្នាក់វិទ្យាសាស្រ្ត ០៨នាក់, ថ្នាក់វិទ្យាសាស្រ្តសង្គម ១ ០៩៥នាក់។ បេក្ខជនបំពេញវិជ្ជា ថ្នាក់វិទ្យាសាស្រ្តសង្គម ២៦២នាក់។ បេក្ខជនស្វៃរិនបំពេញវិជ្ជា ថ្នាក់វិទ្យាសាស្រ្តសង្គម ២១នាក់៕
ដោយ៖ តារា