ព័ត៌មានទាន់ហេតុការណ៍៖

វិស័យទេសចរណ៍ថៃនឹងបាត់បង់ប្រាក់ចំណូលប្រមាណ៣០០លានដុល្លារក្រោយការវាយប្រហារគ្រាប់បែក

ចែករំលែក៖

ថៃអាចនឹងបាត់បង់អ្នកទេសចរបរទេសយ៉ាងតិច២សែននាក់និងខាតបង់ទឹកប្រាក់ប្រមាណ៣០០លានដុល្លារអាមេរិកក្រោយរងការវាយប្រហារគ្រាប់បែកជាច្រើនលើកនាពេលកន្លងមកនៅក្នុងតំបន់ទេសចរណ៍សំខាន់ៗរបស់ប្រទេសនេះ។

លោក Yuthasak Supasorn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃបានឲ្យដឹងនៅថ្ងៃទី១៥ ខែសីហាថា ប្រទេសថៃនឹងបាត់បងអ្នកទេសចរប្រមាណ២សែននាក់ និងខាត បង់ប្រាក់ប្រមាណ២៩៣លានដុល្លារអាមេរិកនៅក្នុងឆ្នាំនេះ។ កន្លងមកថៃរំពឹងថានឹងមានអ្នកទេសចររហូតដល់ទៅ៣២លាននាក់អាចនាំមកនូវចំណូលជូនជាតិប្រមាណ ៧០ពាន់លានដុល្លារ។ ប៉ុន្តែសកម្មភាពវាយប្រហារភេរវកម្មជាបន្តបន្ទាប់បានធ្វើឲ្យបាត់បង់ប្រាក់ចំណូលអ្នកទេសចរថយចុះ។

កន្លងមកមានការបំផ្ទុះគ្រាប់បែកនៅក្នុងខេត្តចំនួន៥ស្ថិតនៅប៉ែកខាងត្បូងដែលបណ្តាលឲ្យមនុស្សស្លាប់៤នាក់និងរបួសជាច្រើននាក់ ការស៊ើបអង្កេតស្វែងរកក្រុមជនដៃដល់បាននិងកំពុងបន្តធ្វើយ៉ាងសកម្ម បំផុត។ សន្តិសុខត្រូវបានពង្រឹងនៅទូទាំងប្រទេសថៃ ពិសេសនៅតំបន់ទេសចរណ៍ និងកន្លែងសាធារណៈមួយចំនួនដូចជានៅអាកាសយានដ្ឋាននិងនៅស្ថានីយរថភ្លើង។ យ៉ាងណាក៏ដោយក៏ការវាយប្រហារនេះបាននិងកំពុងជះឥទ្ធិពលយ៉ាងអាក្រក់ដល់វិស័យទេសចរណ៍ថៃដែរ។

រហូតដល់ពេលនេះនៅមិនទាន់មាន​ក្រុម ឬចលនាណាមួយបានចេញមុខប្រកាស​ថាជាស្នាដៃរបស់ខ្លួននៅឡើយទេ ហើយ​ក្រុមអ្នកស៊ើបអង្កេតក៏កំពុងបន្តស្រាវជ្រាវ​ដោយនៅមិនទាន់ហ៊ានសន្និដ្ឋានអ្វីទាំងអស់ ។ ក៏ប៉ុន្តែរបបសឹកហាក់បីដូចជាបានចាត់ទុកការវាយប្រហារនោះជាវិច្ឆេទកម្មក្នុងស្រុកជាជាងជាទង្វើភេរវកម្មអន្តរជាតិ ។ មេប៉ូលិសរងថៃបានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍ ទី១៣ សីហាថា កម្លាំងប៉ូលិសនឹង​ផ្តោតការយកចិត្តទុកដាក់ខ្លាំងលើព័ត៌មានសម្ងាត់និងការឃ្លាំមើលហើយថាការសិក្សា លើ ADN ដែលស្រង់បានពីកន្លែងកើតហេតុ កំពុងបន្តធ្វើយ៉ាងសកម្ម។

ដោយមិននិយាយចំៗលើពួកប្រឆាំងដែលគេស្គាល់ថា ជាពួកអាវក្រហម មេ ប៉ូលិសរងថៃរូបនេះដដែលបានព្យាយាមបញ្ជាក់ថា ព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកនោះមិនមែនជាការពង្រីកឥទ្ធិពលរបស់ក្រុមឧទ្ទាមអ្នកទាមទារផ្តាច់ទឹកដីនិយមនៅប៉ែកខាងត្បូងទេ និងថាកម្លាំងសន្តិសុខត្រូវបាន ពង្រឹងបន្ថែមនៅទូទាំងប្រទេសចាប់ពីថ្ងៃសៅរ៍សប្តាហ៍មុននេះនៅតាមតំបន់ទេសចរណ៍និងនៅតាមកន្លែងសាធារណៈដូចនៅអាកាសយានដ្ឋាននិងស្ថានីយរថភ្លើង។

ដោយឡែកអ្នកនាំពាក្យប៉ូលិសថៃបានបញ្ជាក់ថា ប៉ូលិសបានចោទសួរលើជនមួយចំនួននាថ្ងៃសុក្រ ទី១២ ខែសីហា តែមិនមានការឃាត់ខ្លួនជនណាម្នាក់ទេ។ អ្នកនាំពាក្យប៉ូលិសថៃរូបនេះដដែលមិនបានប្រាប់ពីអត្តសញ្ញាណលើជនចោទសួរទាំងអស់នោះទេ តែបានបញ្ជាក់ថា គ្រាប់បែកច្នៃទាំង១១គ្រាប់ដែលបានផ្ទុះពីយប់ថ្ងៃព្រហស្បតិ៍ឆ្លងចូលថ្ងៃសុក្រទី១២ ខែសីហាពិតជាស្នាដៃរបស់ក្រុមតែមួយ ។

គួររំលឹកថា ក្នុងចំណោមខេត្តទាំង៥ដែលរងការវាយប្រហារគឺខេត្តហួហ៊ីនជាខេត្តទេសចរណ៍មាត់សមុទ្រដែលរងគ្រោះធ្ងន់ជាងគេជាមួយការបំផ្ទុះ២ដងដោយសម្លាប់មនុស្ស២នាក់៕ ម៉ែវ សាធី

thai


ចែករំលែក៖