ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកថ្មគោល ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៤ លោក សុខ លូ អភិបាល នៃគណៈ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈ អភិបាលស្រុកថ្មគោល ដែលប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកថ្មគោល ខេត្តបាត់ដំបង។

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចតែងតាំងលោក តេង គឹមស៊ាន ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកថ្មគោល ជំនួសលោក ជា សម្បត្តិ អតីតអភិបាល នៃគណៈអភិបាលស្រុកថ្មគោល បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាស្រុកថ្មគោល។

បន្ទាប់ពីប្រគល់ជូនអនុក្រឹត្យ និងត្រារដ្ឋបាលស្រុករួច លោក តេង គឹមស៊ាន ដែលទើបតែប្រកាសតែងតាំងមុខតំណែងជាអភិបាលស្រុកថ្មគោលថ្មី បានឡើងបេ្ដជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាព ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ។ 

លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រួមមានកងកម្លាំងទាំង៣ និងមន្រ្ដីរាជការក្រោមឱវាទ ត្រូវតែបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក និងជាពិសេសត្រូវមានការគាំទ្រ និងជួយជ្រោមជ្រែងលោកអភិបាលស្រុកថ្មគោលថ្មី ក្នុងន័យដល់រដ្ឋបាលស្រុកមានសកម្មភាពប្រសើរក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ។ 

លោក បានណែនាំដល់អភិបាលស្រុក មន្រ្ដីរាជការ មេឃុំទាំងអស់ បន្តរៀនសូត្របន្ថែមទៀត ដើម្បីធ្វើបច្ចុប្បន្នភាពនៃផ្នត់គំនិតថ្មីៗ យល់ដឹងអំពីលិខិតបទដ្ឋានថ្មីៗ ឬច្បាប់ថ្មីៗដែលរាជរដ្ឋាភិបាលប្រកាសឱ្យប្រើប្រាស់៕

ដោយ ៖ សិលា


ចែករំលែក៖