ភ្នំពេញ ៖ លោក ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតអូស្រ្តាលីតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អូស្រ្តាលីនឹងបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលនឹងរួមចំណែកដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្នុងនោះមានការអភិវឌ្ឍធនធានមនុស្ស ពិពិធកម្មសេដ្ឋកិច្ច ជំរុញវិស័យកសិកម្ម សំដៅធ្វើយ៉ាងណាបង្កើនឱកាសការងារ និងការដាំដុះទទួលបានផលល្អ ការលើកកម្ពស់សុខុមាលភាពពលរដ្ឋ ការលើកកម្ពស់ជីវភាពពលរដ្ឋ និងសមភាពយេនឌ័រ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ការធ្វើកំណែទម្រង់ និងអភិបាលកិច្ចល្អក្នុងវិស័យសាធារណៈ អន្តោប្រវេសន៍ និងការពង្រឹងវិស័យសន្តិសុខ និងការពារជាតិ ជាដើម។
ក្នុងជំនួបដែលធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោកឯកអគ្គរាជទូត បានសម្តែងនូវការរំភើបប្រកបដោយកិត្តិយស និងមោទនភាពយ៉ាងក្រៃលែងដោយត្រូវបានតែងតាំងឱ្យមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសដ៏សំខាន់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ មានភាពប្រទាក់ក្រឡាគ្នាទៅនឹងសន្តិសុខ និងស្ថិរភាពក្នុងតំបន់និងពិភពលោក ក៏ដូចជាសន្តិសុខ និងសុខុមាលភាពរបស់ប្រជាជនអូស្រ្តាលី។ លោកបានសម្តែងនូវចំណាប់អារម្មណ៍លើទំនាក់ទំនងរវាងអូស្រ្តាលី និងកម្ពុជា ដែលមកទល់ពេលនេះមានរយៈពេល៧២ឆ្នាំហើយ ដោយប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិគ្នាលើវិស័យជាច្រើន។ ក្នុងនោះដែរ លោកបានសម្តែងនូវក្តីរីករាយចំពោះភាពរីកចម្រើននៃសេដ្ឋកិច្ចសង្គមកម្ពុជា និងបានថ្លែងការកោតសរសើរដល់កម្ពុជាដែលបានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លំាងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបានបញ្ជូនកងកម្លំាងថែរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ រួមទាំងការបញ្ជូនកងកម្លាំងដោះមីន និងបង្រៀនបច្ចេកទេសដោះមីន ដល់អ៊ុយក្រែន និងប្រទេសនានា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រការលើកឡើងរបស់លោក ឯកអគ្គរាជទូតដែលបានលើកឡើងថា កម្ពុជា និងអូស្ត្រាលី មានទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងមិត្តភាពជាប្រវត្តិសាស្ត្រជាយូរលង់ណាស់មកហើយ ដោយផ្តោតលើផលប្រយោជន៍ និងសេចក្តីប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ផងដែរអំពីការបញ្ជូនកងកម្លំាងថែរក្សាសន្តិភាពទៅកាន់ប្រទេសនានា គឺជាការឱ្យតម្លៃ និងរួមចំណែកការពារសុខសន្តិភាព ព្រោះថាសន្តិភាពមានសារៈសំខាន់គ្មានអ្វីប្រៀបបានឡើយ សម្រាប់មនុស្សជាតិទាំងអស់។ កម្ពុជាធ្លាប់បានហែលឆ្លងទុក្ខលំបាកពីសង្រ្គាម ដូច្នេះមិនចង់ឱ្យប្រទេសនានានៅក្នុងពិភពលោកជួបសង្រ្គាម ទទួលសោកនាដកម្មដូចកម្ពុជាកាលពីអតីតកាលឡើយ។
សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងថា បេសកកម្មការទូតរបស់ លោក Derek Yip នៅកម្ពុជា ស្របពេលទំនាក់ទំនងប្រទេសទំាងពីរបានឈានដល់ខួបទី៧២ ហើយដែលអាណត្តិនេះរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិទី៧ បានបង្កើតឡើងក្រោយការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌ កាលពី ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ធ្វើឱ្យកម្ពុជាបានផ្ទេរការដឹកនាំពីឥស្សរជនជំនាន់មុនមកឥស្សរជនវ័យក្មេងជំនាន់ក្រោយ ដែលមានសក្តានុពល ដោយសន្តិវិធី គ្មានអំពើហិង្សា ធ្វើឱ្យកម្ពុជាធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍទៅមុខជាលំដាប់។
សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលីដែលតែងតែជួយគំាទ្រកម្ពុជានៅគ្រប់កាលៈទេសៈ ចាប់ផ្តើមពីការទទួលស្គាល់ឯករាជ្យភាពរបស់កម្ពុជា ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិក្នុងដំណើរស្វែងរកសន្តិភាពជូនកម្ពុជា និងការអភិវឌ្ឍប្រទេសជាតិរហូតមកទល់បច្ចុប្បន្ន។
សម្តេចរដ្ឋសភាធិបតី សង្ឃឹមថា ក្នុងអាណត្តិបេសកម្មការទូតនៅកម្ពុជា ឯកឧត្ដម ឯកអគ្គរាជទូត នឹងបន្ដជំរុញកិច្ចសហប្រតិបត្ដិការសភានៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធឡើងបន្ថែមទៀត ព្រោះថាក្នុងបរិបទនៃការវិវឌ្ឍស្ថានការណ៍តំបន់និងអន្តរជាតិ ដែលកាន់តែមានភាពស្មុគស្មាញ និងគ្រោះថ្នាក់ឡើងៗ ដោយសារតែការប្រកួតប្រជែងឥទ្ធិពលភូមិសាស្រ្ដនយោបាយ រួមជាមួយនឹងការធ្លាក់ចុះនៃអភិបាលកិច្ចសកល និងប្រព័ន្ធពហុភាគីនិយម ការទូតសភាដើរតួនាទីកាន់តែសំខាន់ ក្នុងការចូលរួមរកដំណោះស្រាយបញ្ហាសកលនេះ។ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ប្រទេសអូស្រា្តលីជួយគំាទ្រដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជាក្នុងការប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយកម្ពុជាត្រូវការការគាំទ្រដោយបច្ចេកទេសពីដៃគូអភិវឌ្ឍន៍អន្តរជាតិ ដើម្បីជួយពង្រឹងសមត្ថភាពបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនាវានុវត្តន៍។ ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ សម្តេចរដ្ឋសភាធិបតី បានលើកជាសំណូមពរឱ្យមានបង្កើនកិច្ចខិតខំប្រឹងប្រែងជំរុញវិនិយោគបន្ថែមទៀតក្នុងការផ្លាស់ប្តូរ និងវិនិយោគលើផ្នែកអប់រំ រួមមានការផ្ដល់អាហារូបករណ៍បន្ថែមដល់និស្សិតខ្មែរ និងមន្ត្រីសាធារណៈ។ លើសពីនេះ សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់ឯកឧត្តមជួយជំរុញសាកលវិទ្យាល័យអូស្ត្រាលីបង្កើតសាខានៅប្រទេសកម្ពុជា ដោយសារសិស្សានុសិស្ស និងនិស្សិត និងមាតាបិតានៅកម្ពុជាមានជំនឿ និងទំនុកចិត្តយ៉ាងមុតមាំលើប្រព័ន្ធអប់រំប្រកបដោយគុណភាពរបស់អូស្ត្រាលី។
ជាការឆ្លើយតប លោក ឯកអគ្គរាជទូត បានឯកភាពនូវការលើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានសន្យាថា អូស្រ្តាលីនឹងខិតខំធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធរបស់កម្ពុជាទាំងស្ថាប័ននីតិប្បញ្ញតិ្ត និងស្ថាប័ននីតិប្រតិបត្តិ សំដៅធ្វើយ៉ាងណាឆ្លើយតប និងបំពេញបន្ថែមនូវតម្រូវការ និងក្តីប្រាថ្នារបស់ប្រជាជនកម្ពុជា ៕
ដោយ ៖ សិលា