ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យស្ថានភាពទូទៅ មុនដំណើរការសំណេរ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ សម័យប្រឡង៖ ០៨ តុលា ២០២៤ ដោយស្ថានភាពនៅតាមមណ្ឌលប្រឡងមានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ទោះបីជាមានភ្លៀងរលឹមតិចៗក៏ដោយ។ ក្នុងដំណើរការប្រឡងនេះ គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់។
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) មណ្ឌលប្រឡងសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១ បានប្រព្រឹត្តទៅដោយរលូន និងមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ដោយបេក្ខជនបានគោរពតាមបទប្បញ្ញត្តិ ដែលក្រសួងបានដាក់ចេញ ចំណែកមន្ដ្រីអប់រំគ្រប់លំដាប់ថ្នាក់ បានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពតាមកម្រងភារកិច្ច និងសេចក្ដីណែនាំបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា៕
ដោយ៖ តារា