ខេត្តពោធិ៍សាត់ ៖ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំបានឱ្យដឹងនាព្រឹកថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នេះថា ជនសង្ស័យបង្កហិង្សាម្នាក់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីបន្តនីតិវិធី។
លោក យិន ឈុនហាក់ នាយប៉ុស្តិ៍នគរបាលឱ្យដឹងទៀតថា ជនសង្ស័យបង្កហិង្សាដែលបានបញ្ជូនទៅស្នងការដ្ឋាន ដើម្បីចាត់ការបន្តនោះឈ្មោះ ព្រំ សារ៉ាត់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ចំណែកជនរងគ្រោះឈ្មោះ ហេង សារ៉េត ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកនាយប៉ុស្តិ៍នគរបាលឲ្យដឹងបន្តទៀតថា ជនសង្ស័យបង្កហិង្សាត្រូវបានបញ្ជូន ទៅអធិការដ្ឋានគឺជាការអនុវត្តបណ្ដឹងរបស់ជនរងរបួស(ហេង សារ៉េត)។ យោងតាមបណ្ដឹងស្រង់ចម្លើយជនរងរបួសបានអះអាងថា ជនសង្ស័យដៃដល់(ព្រំ សារ៉ាត់)បានវាយខ្លួននឹងដែកបំពង់ទីប ប្រវែងប្រមាណ២ម៉ែត្រ បណ្ដាលឱ្យរងរបួសយ៉ាងដំណំ នៅគ្រាដែលខ្លួនកំពុងជិះកង់ចេញពីវត្តពុទ្ធារាម។ ជនរងរបួស(ហេង សារ៉េត)អះអាងទៀតថា កន្លងមកឈ្មោះ ព្រំ សារ៉ាត់នេះ បានចូលផ្ទះខ្លួន និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បាត្តិមួយចំនួនទៀតផង ។
នាយប៉ុស្តិ៍នគរបាលបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យដៃដល់បានសារភាពថា មូលហេតុ ខ្លួនវាយជនរងរបួស(ហេង សារ៉េត)ព្រោះពីមុនមកធ្លាប់មានរឿងជាមួយគ្នា ។ ជនសង្ស័យបានបំពេញនីតិវិធី បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកក្រគរ និងបន្តទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តរួចរាល់ហើយ ៕
ដោយ៖ ប៉ឹម ពិន