ភ្នំពេញ-ខេត្តកណ្តាល៖ ដើម្បីធានាសុវត្ថិភាព សុខុមាលភាព ជូនដល់ប្រជាពលរដ្ឋ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យ និងវាយតម្លៃបច្ចេកទេសស្តង់ដារផលិតផលហាឡាល ចំនួន៦ទីតាំង ដែលស្ថិននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល ។
ជាក់ស្ដែងរយៈពេលពីរថ្ងៃ គឺនាថ្ងៃទី៨ ដល់ ទី៩ ខែតុលាឆ្នាំ២០២៤នេះ លោក សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» បានអញ្ជើញដឹកនាំក្រុមឯកទេសផលិតផលហាឡាល ចុះត្រួតពិនិត្យ និងវាយតម្លៃលើការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល ដោយមានការចូលរួមពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ជូនដល់ក្រុមហ៊ុន សហគ្រាស និងសិប្បកម្ម ដែលបានដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល។
ក្នុងប្រតិបត្តិការនោះ ជាលទ្ធផល ក្រុមការងារបានចុះត្រួតពិនិត្យ និងវាយតម្លៃ លើការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល ដល់ទីតាំងផ្ទាល់ បាន ចំនួន៦ទីតាំង រួមមាន៖ ភូមិសាស្ត្រស្ថិតនៅក្នុងរាជធានីភ្នំពេញ មានចំនួន ២ទីតាំង និងខេត្តកណ្ដាល ចំនួន៤ទីតាំង៕
ដោយ៖ តារា