ព័ត៌មានទាន់ហេតុការណ៍៖

លោកសុខ ពេញវុធ៖ នៅតាមមណ្ឌលប្រឡងទាំងអស់ក្នុងភូមិសាស្រ្តភ្នំពេញ គ្មានករណីយកលុយពីការផ្ញើកង់ ម៉ូតូ រថយន្ត ពីបេក្ខជនប្រឡងនិងអាណាព្យាបាលសិស្សឡើយ រដ្ឋបាលរាជធានីភ្នំពេញបានផ្គត់ផ្គង់ថវិកាក្នុង១ មណ្ឌល១លានរៀលរួចហើយ

ចែករំលែក៖

ភ្នំពេញ៖  លោកសុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន បញ្ជាក់ថា៖ នៅតាមមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ទាំងអស់ ក្នុងភូមិសាស្រ្តភ្នំពេញ គ្មានករណីយកលុយពីការផ្ញើកង់ ម៉ូតូ រថយន្ត ពីបេក្ខជនប្រឡង និងអាណាព្យាបាលសិស្សឡើយ រដ្ឋបាលរាជធានីភ្នំពេញ បានផ្គត់ផ្គង់ថវិកាក្នុង១ មណ្ឌលចំនួន១លានរៀលរួចហើយ  ។ដោយមានករណីភ្លៀងខ្លាំងៗជាប់គ្នានៅ មុនថ្ងៃប្រឡង និងថ្ងៃប្រឡង អាជ្ញាធរខណ្ឌនិងមន្រ្តីជំនាញ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានដោះស្រាយ បូមទឹក និងច្រកបាវខ្សាច់នៅមណ្ឌលប្រឡងលិចទឹកដោយទឹកភ្លៀងចំនួន៤ មណ្ឌលបានយ៉ាងទាន់ពេលវេលា ដើម្បីកុំឱ្យរំខានដល់ដំណើរការប្រឡងរបស់សិស្សានុសិស្សរួចផងដែរ ។

លោកបានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលរាជធានីភ្នំពេញ។

លោក សុខ ពេញវុធ បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងកម្លាំងនៅតាមបណ្តាខណ្ឌទាំងង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីការពារសុវត្ថិភាពនិងសន្តិសុខសណ្តាប់ធ្នាប់ជូនបេក្ខជនប្រឡងបាក់ឌុប នៅតាមមណ្ឌលប្រឡង នៅថ្ងៃទី៨ និងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ បានយ៉ាងល្អ បើទោះបីមានបេក្ខជនមួយចំនួនមានបញ្ហាសុខភាពរហូតដល់១៩២នាក់ក៏ដោយ ក៏មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចាត់ចែងរថយន្តសង្គ្រោះបន្ទាន់និងគ្រូពេទ្យធ្វើការសង្គ្រោះបឋមនៅតាមមណ្ឌលប្រឡងបានយ៉ាងល្អប្រសើរផងដែរ ។ 

លោកបានបញ្ជាក់ថា នៅតាមមណ្ឌលប្រឡងទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ គ្មានករណីយកលុយ ការផ្ញើកង់  ម៉ូតូ រថយន្តពីបេក្ខជនប្រឡង និងអាណាព្យាបាលសិស្សឡើយ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានផ្គត់ផ្គង់ថវិកាក្នុង១មណ្ឌលប្រឡងចំនួន១លានរៀលរួចហើយ។

លោកសុខ ពេញវុធ  បានបន្ថែមថា ដោយមានករណីភ្លៀងខ្លំាងៗជាប់គ្នានៅមុនថ្ងៃប្រឡង និងថ្ងៃប្រឡង កងកម្លំាង អាជ្ញាធរខណ្ឌ និងមន្រ្តីជំនាញរដ្ឋបាលរាជធានីភ្នំពេញក៏បានដោះស្រាយបញ្ហាភ្លាមៗ ដោយបានបូមទឹក និងច្រកបាវខ្សាច់នៅមណ្ឌលប្រឡងលិចទឹកដោយទឹកភ្លៀងចំនួន៤ មណ្ឌលបានយ៉ាងទាន់ពេលវេលា ដើម្បីកុំឱ្យរំខានដល់ដំណើរការប្រឡងរបស់សិស្សានុសិស្ស។ 

លោកបានបន្តថា ក្រោមការចង្អុរបង្ហាញពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញជុំវិញដំណើរការប្រឡងបាក់ឌុបនៅរាជធានីភ្នំពេញនេះ បានធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញទទួលបានការកោតសរសើរពីប្រធានមណ្ឌលប្រឡង ពីរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា តំណាងអង្គភាពប្រឆំាងអំពើពុករលួយ ពិសេសពីបេក្ខជនប្រឡង និងអាណាព្យាបាលសិស្ស។

  លោកសុខ ពេញវុធ បានបន្ដថា ក្នុងខែកញ្ញាឆ្នាំ ២០២៤កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញសម្រេចបានការងារជោគជ័យជាច្រើន ហើយរទទួលការសារទរ ពីប្រជាពលរដ្ឋ ដូចជា ការៀបចំរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌដោយឥតគិតថ្លៃ ការផ្តល់សេវាសាធារណៈបានល្អប្រសើរ និងការរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយពុំមានបញ្ហាបទល្មើសព្រហ្មទណ្ឌណាមួយកើតឡើងឡើយ ដែលធ្វើឱ្យពុទ្ធបរិស័ទបានទៅធ្វើបុណ្យប្រកបដោយសទ្ធាជ្រះថ្លា និងសប្បាយរីករាយ។

ឯកឧត្តម ម៉ប់ សារិន  ក៏បានអរគុណចំពោះថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារបានយ៉ាងល្អ ក្នុងការបម្រើសេវានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់។ ភាពជោគជ័យនៃការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឱ្យប្រជាពលរដ្ឋមានការកោតសរសើរ និងសាទរជាខ្លាំងដែលបង្ហាញថាអាជ្ញាធរបានយកចិត្តទុកដាក់ជាខ្លាំងចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ៕

ដោយ ៖ សំរិត


ចែករំលែក៖