ព័ត៌មានទាន់ហេតុការណ៍៖

សម្រេច​ឃុំ​ខ្លួន​ជនជាប់ចោទ​ ៥នាក់ ពាក់ព័ន្ធ​ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ នៅខេត្ត​សៀមរាប​

ចែករំលែក៖

ខេត្ត​សៀមរាប៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី​១០​ ខែតុលា​ ឆ្នាំ​២០២៤ម្សិលមិញ​ បានសម្រេច​ចេញដីកាបង្កាប់ឱ្យឃុំខ្លួន ជនជាប់ចោទចំនួន​ ៥នាក់ ពាក់ព័ន្ធ​ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ ដាក់ពន្ធនាគារខេត្តសៀមរាប ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។ 

យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ បានឱ្យដឹងថា​ ក្នុងប្រតិបត្តិការការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ ដោយបានការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប អំពីបញ្ហាសន្តិសុខ សុវត្ថិភាព ចំពោះប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងមានកិច្ចសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

ប្រភពដដែលបន្តថា​ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០០៖៣០នាទី​ ប្រព្រឹត្តដោយសហចារី និងប្រើប្រាស់អាវុធ នៅចំណុចផ្លូវបេតុង ស្ថិតនៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបង្កឡើងដោយក្មេងទំនើងចំនួនពីរក្រុម ប្រដាប់ដោយកាំបិតខ្វែវ និងមួកសុវត្ថិភាព ប្រើប្រាស់មធ្យោបាយម៉ូតូ និងផាសអាប់ (PassApp) បានធ្វើសកម្មភាព ស្ទាក់វាយតប់ និងកាប់គ្នាទៅវិញទៅមកយ៉ាងអាណាធិបតេយ្យ បន្ទាប់ពីធ្វើសកម្មភាពរួចភាគីទាំងសងខាងបាននាំគ្នាគេចខ្លួន។

ក្រោយពេលទទួលបានព័ត៌មានភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ដល់កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះធ្វើការស្រាវជ្រាវ និងកំណត់បានមុខសញ្ញា រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់៖

*១-ឈ្មោះ ជឿន យូឈាន ហៅវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅតូបលក់ដូរ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប (ធ្លាប់ជាប់ពន្ធនាគាររយៈពេល ០១ឆ្នាំ ពីបទលួច)។

*២-ឈ្មោះ ឱម ម៉ារឺឌី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ (គ្មាន) មានទីលំនៅបច្ចុប្បន្នភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប (ធ្លាប់ជាប់ពន្ធនាគាររយៈពេល ០១ឆ្នាំ ពីបទហិង្សាដោយចេតនា)។

*៣-ឈ្មោះ ចិត្រ ច័ន្ទសីហា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។

*៤-ឈ្មោះ ស៊ីម ផលមុន្នីរាជ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្នភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

*៥-ឈ្មោះ ជា ងនបញ្ញា ហៅយ៉ា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ 

ក្រោយពេលសាកសួរនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពដូចគ្នាថា៖ នៅយប់កើតហេតុវេលាម៉ោង២១:០០នាទី ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ឈ្មោះ ចិត្រ ច័ន្ទសីហា និងឈ្មោះ ស៊ីម ផលមុន្នីរាជ បានបើកម៉ូតូម៉ាក POPZ ពណ៌ស កាំសន្ទះពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ផ្លាកលេខសៀមរាប 1AS-7177 ចេញពីចំណុចតូបលក់ដូរនៅចំណុចផ្លូវបេតុង ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ក្នុងគោលបំណងទៅទិញបាយ នៅចំណុចខាងកើតស្តុងទន្លេសាប ក៏ត្រូវបានមនុស្សប្រុស មិនស្គាល់អត្តសញ្ញាណ ចំនួន០៤នាក់ បើកម៉ូតូចំនួន០២គ្រឿង ម៉ាក Scoopy ចំនួន ០១គ្រឿង និងម៉ាក Honda Dream ចំនួន ០១គ្រឿង ប្រដាប់ដោយមួកសុវត្ថិភាព ធ្វើសកម្មភាពគប់មកលើពួកគេ ប៉ុន្តែពុំមាននណាម្នាក់រងរបួសនោះទេ។ 

លុះដល់ម៉ោងប្រហែល ០០៖២០នាទី ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ពួកគេមានទាំងបក្ខពួកចំនួន ០៤នាក់ ប្រើប្រាស់ម៉ូតូចំនួន ០២គ្រឿង ក្នុងគោលចំណងតាមទៅរកសងសឹកនឹងគូរទំនាស់ លុះដល់កន្លែងកើតហេតុខាងលើស្រាប់តែក្រុមគូរទំនាស់ មានគ្នាប្រហែល២០នាក់ ជិះម៉ូតូប្រហែល០៨គ្រឿង និងផាសអាប់ចំនួន ០១គ្រឿង ប្រដាប់ដោយខ្វែវ ចំនួន០២ដើម មួកសុវត្ថិភាព និងដុំថ្ម បានស្ទាក់ម៉ូតូដែលប្រើហិង្សាមកលើពួកគេ រួចធ្វើសកម្មភាព វាយតប់ និងកាប់គ្នាទៅវិញទៅមកយ៉ាងអាណាធិបតេយ្យ ប៉ុន្តែពុំបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។ 

បច្ចុប្បន្នជនសង្ស័យទាំង ០៥នាក់ខាងលើត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្កាប់ឱ្យឃុំខ្លួន​បណ្ដោះអាសន្ន​ នៅពន្ធនាគារខេត្តសៀមរាប។ ដោយឡែកបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចជំនាញ​ បានធ្វើការកំណត់អត្តសញ្ញាណបាន ហើយនឹង កំពុងបន្តអនុវត្តតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖