ភ្នំពេញ ៖ លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រហ៊ុន វិស័យឯកជនមួយចំនួន នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ បានថ្លែងថា បរិស្ថានគឺជាជីវិត។ បរិស្ថានស្អាត ក៏ធ្វើអោយជីវិតរស់នៅរបស់យើង និង សុខភាពរបស់យើងល្អទៅតាមនោះដែរ។ ហេតុដូចនេះ ភាពស្អាតមានសារៈសំខាន់ខ្លាំងណាស់ ដែលមន្រ្តីបរិស្ថានត្រូវបំពេញតួនាទីនិងភាកិច្ចឱ្យបានល្អ និងត្រូវអនុវត្តច្បាប់ឲបានត្រឹមត្រូវ ដើម្បីសង្រ្គោះជីវិតប្រជាពលរដ្ឋ និងជួយការពារប្រទេសជាតិយើង។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានណែនាំឱ្យមន្រ្តីបរិស្ថានគ្រប់លំដាប់ថ្នាក់បំពេញការងារ ដើម្បីធានាជោគជ័យសម្រាប់ប្រជាពលរដ្ឋមានទម្លាប់ស្អាត ក៏ដូចជាធ្វើឱ្យកម្ពុជាស្អាតជារៀងរហូតតទៅ តាមរយៈភាពស្អាតចំនួន៣ ក្នុងនោះ៖
ទី១៖ ភាពស្អាតកើតពីក្នុងចិត្តរបស់មន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវមានភាពស្ងាត ស្មោះត្រង់បម្រើវិស័យបរិស្ថាននៅក្នុងខ្លួន ទើបយើងអាចចែករំលែកភាពស្អាតទៅក្រុមគ្រួសារយើង សង្គមយើង ជាពិសេសជាមួយសិស្សានុសិស្ស យុវជនកម្ពុជា ឱ្យមានភាពស្អាតជាប្រចាំតទៅមុខទៀតប្រកបដោយប្រសិទ្ធភាព
ទី២៖ ភាពស្អាតចេញពីក្នុងខ្លួន ទៅខាងក្រៅខ្លួន ដែលមានភាពស្អាតបន្ថែមទៀត គឺធ្វើឱ្យសង្គមយើងស្អាត និងប្រទេសជាតិមានបរិស្ថានស្អាត ទៅថ្ងៃអនាគត។ មន្រ្តីក្រសួងបរិស្ថាន ត្រូបបន្តនិងជំរុញយុទ្ធនាការនានាដើម្បី ភាពស្អាតលើផ្ទៃដី ភាពស្អាតលើផ្ទៃមេឃ និងភាពស្អាតផ្ទៃទឹក។
និងទី៣៖ ផ្តើមពីភាពស្អាតផ្នត់គំនិត ភាពស្អាតបុគ្គល ភាពស្អាតនៅក្នុងសង្គម នាំឱ្យមានភាពស្អាតរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។
ក្នុងឱកាសនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមានការចូលរួមពីគ្រប់មន្រ្តីគ្រប់លំដាប់ថ្នាក់ អ្នកពាក់ព័ន្ធ ជាពិសេសយុវជនកម្ពុជា បង្កើនតួនាទីចូលរួមឱ្យបានច្រើនឡើងថែមទៀត ជាពិសេសជំរុញការចូលរួមចំណែក លុបបំបាត់សំណល់ប្លាស្ទិក ការសំអាតអនាម័យបរិស្ថាន រួមទាំងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាម ជាដើម ការចូលរួមទប់ស្កាត់ការបំពុលគ្រប់រូបភាព លើដី ក្នុងទឹក និងខ្យល់ ទៅតាមច្បាប់ជាធរមាន។
សូមបញ្ជាក់ថា អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជា, ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំបង្កើតនិងបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោលើសសរស្តម្ភចំនួន៣ គឺ ស្អាត បៃតង និងចីរភាព ក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់៕
ដោយ ៖ សិលា